ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានក្រើនរំលឹកដល់ឧត្តមនាវី នាយនាវី នាយនាវីរង និងនាវិកទាំងអស់ ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ និងគប្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្ត នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៨ ខែកញ្ញា នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានបញ្ចប់វគ្គនៅពេលនេះ ត្រូវខិតខំអនុវត្តការងារឲ្យបានល្អ ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេស ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី និងសន្តិភាព ឲ្យខាងតែបានទោះក្នុងតម្លៃ ណាដោយ និងត្រូវយកចំណេះដឹងដែលទទួលបាននេះ មកធ្វើជាមូលដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ច របស់ខ្លួន ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពជាដើម។

នៅក្នុងឱកាសនោះ ឧត្តមនាវីឯក បានបញ្ជាក់ថា កងទ័ពជើងទឹក បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន និងហ៊ានពលីកម្មគ្រប់បែបយ៉ាងក្នុងការការពារអធិបតេយ្យឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំនូវដែនទឹក កោះ-ឆ្នេរ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតផងដែរ។
ឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តភារកិច្ចស្នូល កងទ័ពជើងទឹក ក៏មិនដែលភ្លេចដែរអំពីការពង្រឹង និងពង្រីកសមត្ថភាព ចំណេះដឹង ចំណេះធ្វើដល់យោធិន ក៏ដូចជាការអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន ដោយបានដាក់ចេញនូវវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺនជំនាញជាបន្តបន្ទាប់ ដើម្បីពង្រឹង និងពង្រីកការយល់ដឹងដល់យោធិន ក្នុងគោលបំណង ធានានូវការបំពេញតួនាទីភារកិច្ចស្នូលឲ្យកាន់តែមានប្រសិទ្ធភាព ទៅតាមកាលៈទេសៈ នៅពេលមានតម្រូវការ និងស្របតាមបរិបទសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ខណៈប្រទេសជាតិ ចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ វិន័យ និងសមត្ថភាព ដើម្បីធានាបាននូវការការពារអធិបតេយ្យ បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព ជាដើម៕









