ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើតមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យជាលើកដំបូង សម្រាប់ការរក្សាឯកសារប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃឯកសារ និងទុកជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ រៀនសូត្រ ការវិភាគទិន្នន័យ និងសម្រាប់អ្នកបន្តវេនក្រោយៗទៀត។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលទិន្នន័យ “(Data Center)” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២នេះថា នេះមជ្ឈមនេះ មានសារៈសំខាន់ណាស់ សម្រាប់ផ្ទុកទិន្នន័យសំខាន់ៗ ពី១០ឆ្នាំ ២០ ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត។
បើទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀត បានរយៈពេល៣ឆ្នាំក៏ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន សម្រាប់ការបញ្ចូលនូវទិន្នន័យថ្មីៗបន្ត។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បន្ដថា ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ពីព្រោះវាជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរកសម្រាប់ម្រូវការសិក្សា ស្រាវជ្រាវ រៀនសូត្រ នឹងក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថិភាពទិន្នន័យរបស់យើងបានជាសង្ងាត់ និងយូរអង្វែងផងដែរ ។
ជុំវិញបញ្ហានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឲ្យអង្គភាពក្រោមឱវាទទាំងអស់ ចាប់ផ្តើមប្រមែប្រមូលឯកសារផ្លូវការរបស់ខ្លួនដាក់បញ្ចូលក្នុងមជ្ឈមណ្ឌលទិន្នន័យនេះជាបន្ដបន្ទាប់ ដើម្បីរក្សាសុវត្ថភាព និងនិរន្តរភាពនៃឯកសារ និងទុកជាប្រយោជន៍សម្រាប់អ្នកបន្តវេនក្រោយៗទៀត។
សូមរំលឹកថា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញធ្វើជាអធិបតី និងជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) និងការវិនិយោគនៃអនាគតកម្ពុជា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងជាមួយ Max Syndicate (តំណាងឲ្យ EZE Asia) ដោយមានការហត្ថលេខីនៃពិធីចុះហត្ថលេខា រវាងឯកឧត្ដម ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Poul Carey Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) ៕អត្ថបទ៖ សុន រ៉ាឌី




