ភ្នំពេញ ៖ ជាការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណ្ឌដង្កោ នាពេលនេះ គឺមានទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣ទីតាំង។ ក្នុងនោះ រួមមាន ការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកដង្កោ មណ្ឌលសុខភាពជើងឯក និងទីតាំងថ្មីដែលចាប់ផ្ដើមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង១៥ថ្ងៃ នៅថ្ងៃនេះ គឺមណ្ឌលសុខភាពព្រៃវែង ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។
សម្រាប់រាជធានីភ្នំពេញ នៅថ្ងៃនេះ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជូនប្រជាពលរដ្ឋ អាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ការអនុវត្តយុទ្ធនាការនេះ ធ្វើឡើងក្រោយពីមានការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជុំវិញការចាក់វ៉ាក់សាំងនេះ សម្រាប់ខណ្ឌដង្កោ គឺមានទីតាំងចាក់វ៉ាក់សាំងចំនួន ៣ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកដង្កោ មណ្ឌលសុខភាពជើងឯក និងទីតាំងថ្មីនៅ មណ្ឌលសុខភាពព្រៃវែង។
សម្រាប់ទីតាំងមន្ទីរពេទ្យបង្អែកដង្កោ នាពេលនេះ កំពុងបន្តចាក់វ៉ាក់សាំង Sinopharm ជូនក្រុមគោលដៅជាលើកទី២ និងការចាក់វ៉ាក់សាំង AstraZeneca ជូនពលរដ្ឋអាយុលើសពី ៦០ឆ្នាំឡើងទៅ។ រីឯមណ្ឌលសុខភាពជើងឯក គឺកំពុងធ្វើការចាក់វ៉ាក់សាំង AstraZeneca ជូនកម្មករប្រមូលសំរាម ជាក្រុមគោលដៅប្រឈមខ្ពស់ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ចំណែកឯទីតាំងថ្មី ដែលចាប់ផ្ដើមដំណើរការនាពេលនេះ គឺមណ្ឌលសុខភាព ព្រៃវែង ដែលចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងទៅ ចំនួន២៦០នាក់ ក្នុងមួយថ្ងៃ។
សម្រាប់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាព ព្រៃវែង ថ្ងៃនេះ ពួកគាត់ក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់ដល់ពួកគាត់ជាមនុស្សចាស់។ ពួកគាត់បញ្ជាក់ដែរថា ការបង្កើតទីតាំងចាក់វ៉ាក់សាំងថ្មីនេះ ក៏បានសម្រួលដល់ពួកគាត់ជាមនុស្សចាស់ជាច្រើន។
សម្រាប់ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺមានមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលត្រូវទទួលការចាក់វ៉ាក់សាំងចំនួន ៨៦៩៣នាក់ ក្នុងនោះ គឺមានពលរដ្ឋចំនួនជិត ១០០០នាក់ ដែលបានចាក់វ៉ាក់សាំងរួចរាល់នៅមន្ទីរពេទ្យបង្អែកដង្កោ នេះគិតត្រឹមព្រឹកថ្ងៃម្សិលម៉ិញ។ ទិន្នន័យនេះគឺផ្ដល់ជូនដោយ មន្ត្រីនៃសាលាខណ្ឌដង្កោ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នៅតែជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបបន្តការការពារ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំជាដាច់ខាត ទោះបីជាបានចាក់វ៉ាក់សាំងការពាររួចរាល់យ៉ាងណាក្ដី៕
អត្ថបទ ៖ គឹមហុក