អឺរ៉ុប៖ ការស្ទង់មតិថ្មីៗបង្ហាញថា ស្ថានភាពមិនច្បាស់លាស់ចេះតែកើនឡើងផ្នែកហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ សម្រាប់ពលរដ្ឋអាល្លឺម៉ង់ប្រឈមនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ និន្នាការនេះត្រូវបានលេចឡើង ទោះបីជាមិនសូវធ្ងន់ធ្ងរនៅក្នុងប្រទេសបារាំង និងអេស្ប៉ាញក៏ដោយ ខណៈដែលសហភាពអឺរ៉ុបព្យាយាមរៀបចំសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដើម្បីដាក់ទណ្ឌកម្មទីក្រុង Moscow។
ជនជាតិអាល្លឺម៉ង់ជាងពាក់កណ្តាលនិយាយថា ពួកគេក្រជាងឆ្នាំមុន ការកើនឡើង ១១ចំណុចយ៉ាងគំហុកពីកញ្ចប់ដំបូងនៃវិធានការរបស់សហភាពអឺរ៉ុប ដែលដាក់ទណ្ឌកម្មលើរុស្ស៊ីព្រោះតែការវាយលុកលើអ៊ុយក្រែន នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងកាលពីខែកុម្ភៈ និងឧសភាដោយក្រុមហ៊ុនស្ទង់មតិសកល Morning Consult ដែលបានចេញផ្សាយលទ្ធផលរបស់ពួកគេកាលពីថ្ងៃចន្ទ។ ការស្ទង់មតិចាប់ពីថ្ងៃទី២៧ ខែមេសាដល់ថ្ងៃទី៣ ឧសភាលើពលរដ្ឋអាល្លឺម៉ង់ប្រហែល ១,០០០នាក់បានរកឃើញថា ៥៣% រាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុត បើប្រៀបធៀបទៅនឹងកាលពីមួយឆ្នាំមុន។ នៅក្នុងការស្ទង់មតិកាលពីកន្លងទៅដែលធ្វើឡើងកាលពីថ្ងៃទី២៣ ដល់ ២៧ ខែកុម្ភៈ ស្របពេលទីក្រុង Moscow ចាប់ផ្តើមប្រតិបត្តិការសឹកពិសេសរបស់ខ្លួនមានតែ ៣៦% នៃអ្នកឆ្លើយតបប៉ុណ្ណោះបាននិយាយដូចគ្នា។
ក្នុងការស្ទង់មតិដាច់ដោយឡែកកាលពីថ្ងៃទី៥ ដល់ ១០ ខែឧសភាតិចជាងពាក់កណ្តាលនៃអ្នកឆ្លើយតប ៤៥% បានយល់ព្រមឲ្យបញ្ជូនសព្វាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែនដែលការប្រយុទ្ធគ្នានៅតែបន្ត ខណៈ ៣៨% បានជំទាស់ក្នុងការបញ្ជូនអាវុធបន្ថែមទៀត។ នៅពេលនិយាយអំពីការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ៣២% នៃអ្នកឆ្លើយតបគាំទ្រឲ្យដាក់ទណ្ឌកម្ម តែក្នុងករណីទណ្ឌកម្មនោះមិនបង្កឲ្យមានអតិផរណា ខណៈអ្នកទាំងឡាយដែលគាំទ្រ ឬប្រឆាំងក្នុងរឿងនេះ វាអាស្រ័យទៅលើស្ថានភាពគឺមានកម្រិតតែ ៤០% និង ១៤% បន្តបន្ទាប់គ្នា៕
អត្ថបទ៖ សុខមាន