ប៉ោយប៉ែត ៖ អ្នកលក់ខោអាវបីនាក់ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលផែន ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៥ ខែឧសភានេះ បានរកឃើញថាហាងមួយបានលក់ខោអាវកីឡាជម្រើសជាតិកម្ពុជា ដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ជនសង្ស័យម្នាក់ ដែលជាអ្នកផលិតចែកចាយខោអាវនេះ បានសារភាពចំពោះការចោទប្រកាន់នេះ ។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តធ្វើសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដោះស្រាយបន្តតាមនិតិពិធីច្បាប់៕
អត្ថបទ៖ ឃិន សារិទ្ធ





