កីឡាការិនីអ៊ូសបេគីស្ថាន Barnokhan Sayfullaeva បានឈ្នះមេដាយមាសក្នុងវិញ្ញាសាលោតកម្ពស់នារី នៅ Asian Games កាលពីថ្ងៃអង្គារ បន្ទាប់ពីលោតឆ្លងកម្ពស់ ១.៩០ម៉ែត្រ ដែលជាកំណត់ត្រាផ្ទាល់ខ្លួនល្អបំផុត។

នៅកីឡាអត្តពលកម្ម កីឡាការិនីចិន Wu Hongjiao ឈ្នះមេដាយមាសរត់ ៨០០ម៉ែត្រនារី ខណៈផ្នែកបុរសរត់ ៨០០ ម៉ែត្រដូចគ្នា កីឡាករជប៉ុន Ko Ochai ជាអ្នកឈ្នះមេដាយមាស ស្របពេលដែលវិញ្ញាសារត់ ៥០០០ ម៉ែត្របុរស មេដាយមាសបានទៅបារ៉ែន។
វិញ្ញាសាលត់កំពស់ប្រើដំបង ជ័យជម្នះមេដាយមាសបានទៅកីឡាករហ្វីលីពីន Ernest John ខណៈវិញ្ញាសាចោលញញួរផ្នែកនារី មេដាយមាសបានទៅកីឡាការិនីចិន Zhang Jiale។
ក្នុងកីឡាវាយសី កីឡាការិនីកូរ៉េ An Se-young បានការពារជើងឯកវិញ្ញាសាឯកត្តជននារី បន្ទាប់ពីយកឈ្នះកីឡាការិនីជប៉ុន Akane Yamaguchi ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
កូរ៉េក៏បានឈ្នះមេដាយមាសវិញ្ញាសាវាយគូស្ត្រីផងដែរ បន្ទាប់ពី Lee So-hee និង Baek Ha-na យកឈ្នះគូកីឡាការិនីចិន Liu Shengshu និង Tan Ning។
បន្តទៅកីឡាបាញ់កាំភ្លើង កីឡាការិនីឥណ្ឌា Neeru Dhanda បានឈ្នះមេដាយមាសវិញ្ញាសា Trap ឯកត្តជននារី ខណៈកីឡាករគុយវ៉ែត Khaled Almudhaf ឈ្នះមេដាយមាសក្នុងវិញ្ញាសា Trap ឯកត្តជនបុរស។
អ៊ូសបេគីស្ថានក៏បានបន្ថែមមេដាយមាសមួយទៀតក្នុងកីឡាលើកទម្ងន់ ដោយ Akbar Djuraev ឈ្នះមេដាយមាសប្រភេទទម្ងន់ ៨៦គីឡូក្រាមបុរស និងបានបង្កើតកំណត់ត្រាពិភពលោកថ្មីក្នុងវិញ្ញាសាលើកទម្ងន់ដំបូង (Snatch)៕ អត្ថបទ៖នាង សុភាវុធ