សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្រ្ដីនាំយកអំណោយមនុស្សធម៌ ទៅផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលការលំបាក។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ ប្រាប់ BTV នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានតាមដានជាប់ជាប្រចាំ ពីស្ថានភាពទឹកជំនន់នៅតាមបណ្ដាខេត្តនានា និងណែនាំមន្រ្ដីចុះអប់រំសុខភាព និងរៀបចំ ក្នុងការសហការជាមួយអាជ្ញាធរជួយសង្រ្គោះពលរដ្ឋឱ្យទាន់ពេលវេលា។ លោកជំទាវ បញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ រងការលិចលង់ធ្ងន់ជាងគេ ប៉ុន្ដែកាកបាទក្រហមខេត្តសៀមរាប និងខេត្តបាត់ដំបង មានលទ្ធភាពអាចគ្រប់គ្រងបាន ទើបស្នាក់កណ្ដាល ផ្ដល់អំណោយមនុស្សធម៌ សម្រាប់ខេត្តបន្ទាយមានជ័យ ពីព្រោះខេត្តនេះ ក្រៅពីរងគ្រោះព្រោះទឹកជំនន់ ក៏ជាខេត្តដែលរងគ្រោះខ្លាំងព្រោះសង្រ្គាមកាលពីឆ្នាំមុន។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ៖«អំណោយមនុស្សធម៌ពេលនេះ គឺទៅតែខេត្តបន្ទាយមានជ័យមួយទេ ចំណែកខេត្តពោធិ៍សាត់ និងបាត់ដំបង សាខាកាកបាទក្រហមខេត្ត ម្ចាស់ការរ៉ាប់រងខ្លួនឯងបាន។ កាកបាទក្រហមថ្នាក់កណ្ដាល ទៅកាន់តែសាខាណាដែលជួបការលំបាក ជាក់ស្ដែងខេត្តបន្ទាយមានជ័យរងគ្រោះដោយសារសង្រ្គាមយូរអង្វែង ត្រូវចំណាយអស់ច្រើន ដូច្នេះហើយថ្នាក់កណ្ដាល ត្រូវជួយដើម្បីកុំឱ្យថ្នាក់ខេត្តលំបាកខ្លាំងពេក។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកគិតគូរគ្រប់ជ្រុងជ្រោយ និងដាក់វិធានការធ្វើយ៉ាងណាមិនឱ្យយឺតយ៉ាវក្នុងការសង្រ្គោះពលរដ្ឋរងគ្រោះ»។
គួរបញ្ជាក់ជូនថា អំណោយមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ព្រោះទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមន្រ្ដីថ្នាក់កណ្ដាល រួមជាមួយមន្រ្ដីសាខាកាកបាទក្រហមប្រចាំខេត្ត សហការជាមួយអាជ្ញាធររៀបចំ ដោយផ្ដល់ជូនជាជំហានដំបូង សម្រាប់ពលរដ្ឋរងគ្រោះ ដែលត្រូវជម្លៀសចេញពីលំនៅឋានជាមុន និងផ្ដល់ជូនតាមខ្នងផ្ទះដែលរងផលប៉ះពាល់ខ្លាំង ពិសេសជនងាយរងគ្រោះ ជនពិការ ស្រ្ដី កុមារ និងជនចាស់ជរា។ ហើយកាកបាទក្រហមកម្ពុជា និងបន្តសហការជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល តាមដានស្ថានភាពបន្តទៀត ដើម្បីផ្ដល់ជំនួយសង្រ្គោះឱ្យទាន់ពេលវេលា។
សូមជម្រាបជូនថា គ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ ៥៣ក្រុង-ស្រុក ក្នុងខេត្តចំនួន១០ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសារ។ ខេត្តរងគ្រោះទឹកជំនន់ទាំង ១០ រួមមាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ និងខេត្ត ឧត្ដរមានជ័យ។ ហើយក្នុងចំណោមខេត្តទាំង១០នេះ ខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ រងគ្រោះធ្ងន់ជាងគេ។ បច្ចុប្បន្ននេះ ពលរដ្ឋដែលរងគ្រោះខ្លាំង មិនអាចបន្តស្នាក់នៅផ្ទះ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់កិច្ចគាំពារផ្សេងៗ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕ អត្ថបទ៖ លៀ ស៊ីណា







