គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្នុងទីតាំងឃុំ/សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅបណ្តោះអាសន្ន។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន ជនភៀសសឹករបស់កម្ពុជាមានចំនួនជាង២ម៉ឺននាក់ទៀត នៅមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនៅឡើយទេ ហើយផ្អែកតាមរបាយការណ៍បឋមពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត នៃខេត្តជាប់ព្រំដែន បានបង្ហាញថា ក្នុងចំណោមជនភៀសសឹកនេះ មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួនជាង១ម៉ឺន៣ពាន់នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង១ម៉ឺននាក់។
ឯកឧត្តមបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋភៀសសឹក លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តជាប់ព្រំដែន បានរៀបចំទីតាំងពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ/សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅជាក់ស្តែងដូចជាភូមិរង់ចាំជាដើម។ ម្យ៉ាងវិញទៀតប្រសិនពលរដ្ឋភៀសសឹកទាំងនោះ ក៏អាចធ្វើការសម្រេចដោយខ្លួនឯងទៅចុះឈ្មោះបោះឆ្នោតនៅទីតាំងឃុំ/សង្កាត់ចាស់ដែលពួកគាត់ធ្លាប់រស់នៅ។
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំងប្រទេសកម្ពុជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។
បើតាមការប៉ាន់ស្មានរបស់ គ.ជ.ប នៅឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោបោះឆ្នោតសរុបចំនួនជាង៤សែននាក់ និងចំនួនអ្នកត្រូវមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សរុបមានជាង៤លាននាក់។ អត្ថបទ៖ ទូច សោភ័ណ

