រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃអង្គារបាននិយាយថា វិស័យប្រេងកំពុងឆ្លងកាត់ដំណាក់កាលផ្លាស់ប្ដូរយ៉ាងខ្លាំង ប៉ុន្តែបានអះអាងថា អឺរ៉ុបនឹងធ្វើ "អត្តឃាតសេដ្ឋកិច្ច" ដោយសារតែការដាក់ទណ្ឌកម្មរបស់ខ្លួនលើទីក្រុង Moscow ព្រោះសង្គ្រាមនៅអ៊ុយក្រែន។

លោក Putin បាននិយាយថា តាមរយៈការស្វែងរកការបញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី អឺរ៉ុបនឹងធ្វើឲ្យខ្លួនឯងឈឺចាប់ដោយការជំរុញឲ្យក្រុមមន្ត្រីពីរដ្ឋនានាប្រើ "គំនិតគ្មានការពិចារណា" របស់លោកខាងលិចដើម្បីផលប្រយោជន៍របស់ប្រទេសខ្លួនឯង។ លោកបានប្រាប់កិច្ចប្រជុំថាមពលថា អឺរ៉ុបនឹងមើលឃើញការហក់ឡើងតម្លៃថាមពលខ្ពស់ និងអតិផរណាខ្ពស់ដោយសារតែសកម្មភាពរបស់ខ្លួន។ លោក Putin បាននិយាយថា ជាការពិតណាស់ ការធ្វើអត្តឃាតសេដ្ឋកិច្ចបែបនេះគឺជាកិច្ចការក្នុងស្រុករបស់ប្រទេសនៅអឺរ៉ុប។ បន្ទាប់ពីវិមានក្រឹមឡាំងបានបញ្ជូនទាហានចូលទៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មាន ពីមុនមកប្រឆាំងនឹងរុស្ស៊ី។
បណ្តាប្រទេសលោកខាងលិចបានបង្ហាញពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ នៅក្នុងការប្រកាសអំពីការដាក់ទណ្ឌកម្មរបស់ខ្លួន ប៉ុន្តែមិនបានផ្លាស់ប្តូរក្នុងល្បឿនដូចគ្នានៅពេលនិយាយអំពីប្រេង និងឧស្ម័នរបស់រុស្ស៊ី។ លោក Putin បាននិយាយថា "សកម្មភាពវឹកវរ" របស់អឺរ៉ុបមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងនាំទៅរកការកើនឡើងនៃប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅវិញទេ៕
អត្ថបទ៖ សុខមាន