ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានស្តេចគង់ប្រថាប់ពិនិត្យ និងថែទាំព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងមួយខែមកនេះ។
វត្តមានយាងនិវត្តន៍មកដល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ មានការទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធម នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រួមជាមួយនឹងសមាជិករាជវង្សានុវង្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
សូមជម្រាបថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់តែងតែយាងទៅពិនិត្យ និងតាមដានព្រះរាជសុខភាពជាប្រចាំ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងមួយឆ្នាំពីរដង ដោយទទួលបានការយកចិត្តទុកដាក់ និងថែទាំយ៉ាងដិតដល់បំផុតពីក្រុមគ្រូពេទ្យជំនាញកម្រិតខ្ពស់របស់ប្រទេសចិន។
ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបំពេញតួនាទីជាប្រមុខរដ្ឋស្តីទីកម្ពុជា ដើម្បីដឹកនាំកិច្ចការកំពូលៗរបស់រដ្ឋជំនួសព្រះអង្គ៕





