រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាកម្លាំងចលករថ្មី ដ៏មានសារៈសំខាន់ តភ្ជាប់បណ្ដាញគមនាគមន៍ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ពិសេសគឺវិស័យទេសចរណ៍ធម្មជាតិ តាមបណ្ដោយព្រំដែន។

ការលើកឡើងរបស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ។ សមិទ្ធផលជាតិថ្មី នៅពេលនេះ កើតចេញក្រោយពីកម្ពុជាបិទបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន។
ឯកឧត្ដម បញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ហើយខ្សែផ្លូវថ្មីនេះ ក្រៅពីជួយកាត់បន្ថយរយៈចំងាយធ្វើដំណើរត្រង់ មិនចាំបាច់វាងផ្លូវចូលរាជធានីភ្នំពេញជាមុន ក៏នឹងផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ផលិតផលកសិកម្ម និងលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិផងដែរ។
សូមជម្រាបជូនថា ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅក្នុងខែឧសភា ឆ្នាំ២០២៥ ដែលប្រើរយៈពេល ៦៦ខែ។ ផ្លូវជាតិនេះ ចំណាយថវិកាសាងសង់សរុប ២៥២លានដុល្លារអាមេរិក ដែលថវិកា ១៩២,៧១លានដុល្លារអាមេរិក គឺជាឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាប្រមាណ ៥៩,៣៩លានដុល្លារ គឺជាថវិកាជាតិ។ ផ្លូវជាតិលេខ១០ នេះ ត្រូវបានសាងសង់ឡើងដោយស្ដង់ដារខ្ពស់ ជាប់ធន់ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ របាសុវត្ថិភាព បង្គោលសុវត្ថិភាព រួមទាំងបានសាងសង់ស្ថានីយថ្លឹងរថយន្ដអចល័ត ចំនួន២កន្លែង ក្នុងខេត្តបាត់ដំបង និងខេត្តកោះកុង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕ អត្ថបទ៖ លៀ ស៊ីណា




