សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា សង្គ្រាមថៃឈ្លានពាន និងការបិទព្រំដែន បានធ្វើឱ្យយើងឈឺចាប់រយៈពេលខ្លី ប៉ុន្ដែវាក៏ជាឱកាសឱ្យយើងអាចវាយតម្លៃ ពង្រឹងផ្ទៃក្នុង និងធ្វើពិពិធកម្មសេដ្ឋកិច្ចខ្លួនឯងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ជាថ្មីថា បញ្ហាដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង ពង្រឹងពិពិធកម្មសេដ្ឋកិច្ចពលរដ្ឋនៅជាប់ព្រំដែន។ សម្ដេចបន្តថា យើងឈឺរយៈពេលខ្លី ប៉ុន្ដែត្រូវយកមេរៀននេះ កុំឱ្យកើតមាននៅថ្ងៃអនាគតទៀត។ ហើយយកមេរៀនេះមកធ្វើជាការពង្រឹងខ្លួនគ្រប់វិស័យ ក្នុងនោះសូម្បីតែការដាំដើមឈើ ក៏ត្រូវដាក់ទិសដៅឱ្យបានច្បាស់លាស់ដែរ។
ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត ក៏ត្រូវចាប់យកបញ្ហាគ្រោះទឹកជំនន់ មកដាក់ចេញនយោបាយរំដោះទឹកជំនន់ និងប្រមូលទឹកជំនន់ទុកប្រើប្រាស់នៅរដូវប្រាំង ខណៈអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា នៅរយៈពេល ៦ខែខាងមុខពិភពលោកនឹងជួបបាតុភូតគ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងកម្ដៅដែលអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់។
សូមជម្រាបថា ក្រោយសង្គ្រាមថៃឈ្លានពាន រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងខ្លួនឯងលើវិស័យសំខាន់ៗជាច្រើន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងស្តារស្ថិរភាពជាតិឡើងវិញ។ ក្នុងនោះមានដូចជា ការពង្រឹងសមត្ថភាពយោធា និងកងកម្លាំងប្រដាប់អាវុធ, ការបង្កើនប្រសិទ្ធភាពនៃនយោបាយការទូត, ការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយសង្គ្រោះពលរដ្ឋ, ការកសាងស្មារតីសាមគ្គីភាពជាតិ និងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។