សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់បណ្ដារាជធានី-ខេត្ត និងក្រសួង ស្ថាប័ន បន្តជួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងត្រៀមស្ដារឡើងវិញលើវិស័យនានាជាពិសេសវិស័យកសិកម្ម និងផ្លូវថ្នល់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា អាជ្ញាធរខេត្តទាំងអស់ ត្រូវបន្តត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលជួបប្រទះគ្រោះទឹកជំនន់ ខណៈមានកន្លែងខ្លះទឹកបានស្រកចុះ ប៉ុន្ដែកន្លែងខ្លះទឹកនៅបន្តហក់ឡើងនៅឡើយ។ សម្ដេចក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធត្រៀមការស្ដារឡើងវិញពីគ្រោះទឹកជំនន់ ក្នុងនោះដំណាំណាដែលខូចខាតត្រូវជួយផ្ដល់ពូជដល់ពលរដ្ឋ ហើយផ្លូវដែលខូចក៏ត្រូវស្ដារឡើងវិញដែរ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦ នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១០ និងប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសារ ដោយក្នុងនោះអាជ្ញាធរបានជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពជិត ៥ពាន់គ្រួសារ និងប៉ះពាល់ដល់ស្រូវជាង ៧ម៉ឺនហិកតា។ ក្នុងចំណោមខេត្តទាំ១០ គឺមានខេត្តចំនួន ៣ ដែលរងផលប៉ះពាល់ច្រើនជាងគេមានដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕
