កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី ព្រះវិហារ បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាត អាវុធជាតិផ្ទុះនានាក្នុងតំបន់ប្រាសាទបេតិកភណ្ឌពិពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប អង្គប្រជុំបានបង្ហាញពីក្តីព្រួយបារម្ភចំពោះស្ថានភាពខូចខាត ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែល បណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយស្ថានការណ៍នេះ បានរំលឹកផងដែរ អំពីសារៈសំខាន់ នៃការធានាសុវត្ថិភាព និងសន្តិសុខ ទាំងសម្រាប់ក្រុមការងារកម្ពុជា និងក្រុមការងារអន្តរជាតិ ដែលកំពុងបំពេញការងារនៅ តំបន់ប្រាសាទ ដើម្បីអាចបំពេញភារកិច្ចការពារតំបន់បេតិកភណ្ឌនេះ ជាការថែរក្សាតម្លៃលេចធ្លោជាសកលរបស់ ប្រាសាទព្រះវិហារ។
នៅកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការ អាយស៊ីស៊ីព្រះវិហារ ដែលមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន ប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីមកលើកប្រសាទព្រះវិហារ ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា ដើម្បីជាការស្តារឡើងវិញនូវសុវត្ថិភាពនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។ បន្ថែមពីលើនេះ អង្គប្រជុំក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិព្រះវិហារ ក្នុងការកំណត់និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាត សំណល់ជាតិផ្ទុះពីការប៉ះទង្គិចប្រដាប់អាវុធនិងគ្រាប់បែកចង្កោម(Cluster Munitions)។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌវប្បធម៌ បានថ្លែងបិទកិច្ចប្រជុំបញ្ជាក់យ៉ាងច្បាស់លាស់ថា តំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយតំបន់នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានផ្តោតលើលទ្ធផល នៃការអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ប្រមាណ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់៦២៥កន្លែង គ្រាប់នៅលើដីចំនួន៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងជ្រួនចំនួន៤។
អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទដែលបានបាក់បែកចំនួន៨៤,៨០០ដុំ ចុះបញ្ជី និងរក្សាទុកទល់ទ្ររចនាសម្ព័ន្ធប្រាសាទ មានហានិភ័យខ្ពស់ចំនួន២៣ទីតាំង ការដំឡើង ឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន៥០កន្លែង សាងសង់ដំបូលគ្របប្រាសាទចំនួន៤កន្លែង និងស្តារ ប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត២៥០ម៉ែត្រ។ ក្រៅពីលទ្ធផលខាងលើ អង្គប្រជុំក៏បានពិនិត្យឃើញមានកិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀត ដើម្បីសង្គ្រោះប្រាសាទព្រះវិហារ រួមមាន៖ រចនាសម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បី រក្សាទុកបំណែកថ្មជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវទឹកបន្ថែមទៀតដើម្បីបញ្ចៀសផលប៉ះពាល់ប្រាសាទ។
ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិ ព្រះវិហារ បានរាយការណ៍ជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលនៃបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការ អន្តរជាតិនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញស្តីពីបេតិកភណ្ឌនិងប្រាសាទ របស់អង្គការយូណេស្កូ ដែលបានចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ ២០២៦ បណ្តាលពីជម្លោះប្រដាប់អាវុធកាលពីថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដែលបង្កការខូចខាតប្រាសាទព្រះវិហារចំនួន៥៦២កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំ ប្រាសាទព្រះវិហារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនរស់នៅជុំវិញតំបន់បេតិកភណ្ឌ។ បច្ចុប្បន្ន របាយការណ៍នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅលើគេហទំព័រផ្លូវការរបស់គណៈកម្មការបេតិកភណ្ឌ ពិភពលោក៕


