ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការបង្កើតច្បាប់កាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយឱ្យប្រកបទៅដោយវិន័យ និងជំនាញ ដូច្នេះកុំគិតថា កាតព្វយោធា ជាបន្ទុក តែត្រូវគិតថា ជាឱកាស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា នេះ បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ពិសេសអ្នកដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធាថា ការបង្កើតឱ្យមានកាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបទត្រឹមត្រូវ វិន័យ ជំនាញ និងបំណិន ក្រោមការអប់រំ បណ្ដុះបណ្ដាល អនុវត្តវិន័យយ៉ាងតឹងរឹង។ ក្រោយការបំពេញកាតព្វកិច្ច នឹងទទួលបានជំនាញ និងបំណិន ។
សម្ដេចធិបតី បានបញ្ជាក់ថា ពីរឆ្នាំនេះ មិនមែនគ្រាន់តែទៅកាន់កាំភ្លើងទេ តែជាការហ្វឹកហាត់ឥរិយាបថ វិន័យ។ ការវិនិយោគធនធានមនុស្សនៅក្នុងកងទ័ព ដាំនៅក្នុងកងទ័ព តែផ្លែផ្កាក្នុងសង្គម នេះគឺជាច្បាប់កងទ័ព។
ជឿជាក់ថា ច្បាប់ និងការបំពេញកាតព្វកិច្ចយោធា ដែលបានរៀបចំឡើងនេះ មិនត្រឹមតែជាការផ្ដល់ឱកាសដល់យុវជន ប្រជាពលរដ្ឋចូលរួមបម្រើជាតិមាតុភូមិនោះទេ។ រយៈពេលពីរឆ្នាំនេះ ជាតិមិនមែនយកធនធានមនុស្សមកបង្កកចោលទេ គឺរយៈពេលដែលពោរពេញដោយការវិនិយោគ។ សូមកុំមើលជាបន្ទុក តែមើលវាជាឱកាស៖ ១- ឱកាសចូលរួមការពារជាតិ និង២- ឱកាសទទួលបានការបណ្ដុះបណ្ដាល ដែលជាការវិនិយោគរបស់រដ្ឋ ដែលវិនិយោគច្រើនលើកងទ័ព។ ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព។
សម្ដេចធិបតី បានបញ្ជាក់ដែរថា ការហ្វឹកហ្វឺន គឺជាចំណុចសំខាន់បំផុត នៃការធ្វើកំណែទម្រង់ទំនើបកម្មកងទ័ព នាសម័យកាលនេះ ពិសសការហ្វឹកហ្វឺនប្រើប្រាស់បច្ចេកវិទ្យា ដ្រូន ឬ AI និងជំនាញជាច្រើនទៀត ដែលអ្នកបំពេញកាតព្វកិច្ចយោធានឹងទទួលបាន។ ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព៕ អត្ថបទ៖ វ៉ាន់


