ប្រណាំងកង់៖ កីឡាករប្រណាំងកង់មកពីប្រទេសអេរីត្រេ Biniam Girmay បានបង្កើតប្រវត្តិសាស្ត្រ ក្រោយក្លាយជាកីឡាករប្រណាំងកង់មកពីទ្វីបអាហ្វ្រិកទី១ ដែលឈ្នះក្នុងដំណាក់កាលនៅព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour។

កីឡាករវ័យ ២២ឆ្នាំរូបនេះបានប្រជែងឈ្នះដំណាក់កាលទី១០ នៃការប្រកួត Grand Tour, Giro d’Italia តែក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានរបួសបន្តិចបន្តួចពេលអបអរសាទរជ័យជំនះរបស់ខ្លួន។ នេះជាការបង្ហាញខ្លួនដំបូងប៉ុណ្ណោះសំរាប់ Biniam Girmay នៅ Giro d’Italia នេះ និងជាលើកដំបូងផងដែរនៅព្រឹត្តិការណ៍បែបនេះ។ កីឡាករដែលជិះឱ្យក្រុម Wanty-Gobert រូបនេះបានប្រជែងដំណាក់កាលទី១០ ដែលមានចម្ងាយផ្លូវ ១៩៦គីឡូម៉ែត្រដោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៣២ នាទី ៧វិនាទី តាមពីក្រោយដោយកីឡាករហូឡង់ Mathieu Van der Poel និងលេខ ៣ កីឡាករអ៊ីតាលី Vincenzo Albanese។
យ៉ាងណាក្តីក្រោយប្រណាំងបាន ១០ដំណាក់កាលនេះ អ្នកនាំមុខក្នុងតារាងរួមនៅតែជាកីឡាករអេស្ប៉ាញ Juan Pedro Lopez ដោយមានវេលាចំណេញលើអ្នកលេខ ២ កីឡាករព័រទុយហ្កាល់ Joao Almeida ១២វិនាទី និងអ្នកលេខ ៣ កីឡាករបារាំង Romain Bardet យឺតជាង ១៤វិនាទី។ សំរាប់ដំណាក់កាលទី១១ ថ្ងៃនេះមានចម្ងាយផ្លូវ ២០៣គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ