ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បញ្ជាក់ជាថ្មីថា គ.ជ.ប មិនអនុញ្ញាតឲ្យគណបក្សនយោបាយនានា ប្រព្រឹត្តអំពើគំរាមគំហែងប្រជាពលរដ្ឋអំឡុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ ឡើយ។
ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV News ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា នាពេលនេះ គ.ជ.ប បានចាប់ផ្តើមឈានដល់ដំណាក់កាលត្រៀមរៀបចំឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងចំនួន១៧ គណបក្សនយោបាយ។
ឯកឧត្តម បញ្ជាក់ថា ក្នុងនីតិវិធីនៃដំណើរការឃោសនាបោះឆ្នោត តាមរយៈការហែក្បួន ឃោសនា បោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ នៅក្នុងផ្សាររបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺគណបក្សនយោបាយ ឬអ្នកឃោសនាបោះឆ្នោតត្រូវជៀសវាងដាច់ខាតចំពោះសកម្មភាពគំរាមគំហែង និងញុះញង់ប្រជាពលរដ្ឋ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា អំពើញុះញង់ក្នុងពេលឃោសនាបោះឆ្នោតនឹងជះឥទ្ធិពល ដល់សីលធម៌ សង្គម ក៏ដូចជាបង្ហាញពីអត្តចរិតមិនថ្លៃថ្នូរផងដែរ។
ជាមួយគ្នានេះលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានចាត់ទុកអំពើញុះញង់ តាមរយៈពាក្យស្លោកក្នុងពេលឃោសនាបោះឆ្នោត គឺជាជាការធ្វើឲ្យប៉ះពាល់ទាំងដំណើរការបោះឆ្នោត និងបែកបាក់សង្គមជាតិទាំងមូល។
ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ខណៈការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ គ.ជ.ប អនុញ្ញាតឲ្យមានការហែក្បួនឃោសនា បោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតផងដែរ៕ អត្ថបទ៖ សេក ឧត្តម