លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងអ្នកម្ដាយលោកឪពុក លោកយាយ លោកតា ក្រុមការងារ និងពុទ្ធបរិស័ទ នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធញាតិការ ដែលបានចែកឋានទៅកាន់លោកខាងមុខ ។
សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទីនេះ ប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដែលនៅវេលារសៀល ដោយលោកជំទាវបណ្ឌិត មានការថ្វាយកម្រងផ្កា និងគ្រឿងសក្ការៈបូជា។ បន្ទាប់មកមានការនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា រួមទាំងមានការប្រារព្ធនូវបត្តិទានកថា (ការផ្សព្វផ្សាយមេត្តាធម៌) ។
កម្មវិធីថ្ងៃទី២ ត្រូវនឹងថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ មានកម្មវិធីនមស្សការព្រះរតនៈត្រ័យ សមាទានសីល, ពិធីវេរជើងបិណ្ឌប្រគេនព្រះសង្ឃ បត្តានុមោទនាបុណ្យ ព្រះសង្ឃ សីលវន្ត សីលវតី គោចរបិណ្ឌបាត្រយាគូ។ កម្មវិធីបន្ទាប់ នៅវេលាម៉ោងប្រមាណ៩ព្រឹក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញនមស្សការព្រះរតនៈត្រ័យ សមាទានសីល វេរភត្តាហារ ប្រគេនព្រះសង្ឃ បត្តានុមោទនា ពហូទេវាដាឆ្លង និងការផ្សព្វផ្សាយមេត្តាធម៌ ខណៈនៅម៉ោងប្រមាណ១០កន្លះព្រឹក ព្រះសង្ឃ សីលវន្ត សីលវតី គោចរបិណ្ឌបាត្រភត្តថ្ងៃត្រង់ ចំនួន៥៩៤អង្គ/នាក់ ។
គួរបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត នៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមក "ពុំដឹងពីពេលណាច្បាស់លាស់" តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសបុណ្យកុសលដល់ញាតិការ ដែលបានចែកឋាន និងក៏ជាបុណ្យកុសល សម្រាប់ខ្លួនឯងដែលបានសាងអំពើល្អ ៕ អត្ថបទ បាន សុខរិទ្ធិ



















