ភ្នំពេញ៖ កម្ពុជាសម្ពោធដាក់ឱ្យដំណើរការ គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ក្នុងកញ្ចប់ថវិកា ១៥០ លានដុល្លារអាម៉េរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដើម្បីគាំទ្រដំណើរការអាជីវកម្មឡើងវិញ, ការកែលម្អ និងធ្វើទំនើបកម្មសេវាកម្ម, ការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ថមថយទូទាំងសកលលោក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២នេះថា ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ កំពុងថមថយ, វិស័យទេសចរណ៍ចាប់ផ្តើមមានសន្ទុះងើបឡើងវិញជាសកល ដោយប្រទេសភាគច្រើនបានបន្ធូរបន្ថយ នូវវិធានការរឹតបន្ដឹង ពាក់ព័ន្ធនឹងជំងឺកូវដ-១៩ និងបានលើកលែង ឬដកចេញនូវលក្ខខណ្ឌតម្រូវជាច្រើន សម្រាប់ការធ្វើដំណើរអន្តរជាតិ ។ ផ្អែកតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក វិស័យទេសចរណ៍សកល នឹងត្រលប់ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៤ ខាងមុខ ។ ក្នុងន័យនេះ, ជាមួយនឹងកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល, វិស័យទេសចរណ៍កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ១៦% ក្នុងឆ្នាំ២០២២, និង២៣% ក្នុងឆ្នាំ២០២៣ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ ជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ហើយប្ដេជ្ញាគាំទ្រការស្តារ និងអភិវឌ្ឍន៍វិស័យនេះ ឱ្យបានល្អជាងស្ថានភាពមុនវិបត្តិនៃជំងឺកូវីដ-១៩ ទៅទៀត ដើម្បីឱ្យវិស័យនេះ ក្លាយជាសសរស្តម្ភមួយនៃសេដ្ឋកិច្ចជាតិ ដែលនឹងចូលរួមវិភាគទានដ៏សំខាន់ ក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។
ដើម្បីសម្រេចគោលដៅនេះ,ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ គឺជាវិធានការចាំបាច់ណាស់ ដើម្បីជួយឱ្យសហគ្រាសទាំងនេះអាចស្តារ, ងើប និងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនឡើងវិញ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែច្នៃវិស័យទេសចរណ៍ ឱ្យប្រកបដោយភាពទាក់ទាញកាន់តែខ្លាំងជាងមុន និងជាពិសេសប្រែក្លាយកម្ពុជាឱ្យទៅជាទិសដៅទេសចរណ៍ចម្បងមួយនៅក្នុងតំបន់ និងសកលលោក។
ថវិកាទាំង ១៥០ លានដុល្លារអាម៉េរិក នៃ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់សម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត និងចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី