កណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បណ្តាក្រុមពេទ្យនៅតាមមន្ទីរបង្អែកក្រុងស្រុក និងតាមមណ្ឌលសុខភាពតាមឃុំសង្កាត់ នៅក្នុងខេត្តកណ្តាល បាននឹងកំពុងអនុវត្តយុទ្ធនាការ និងពង្រីកការចាក់វ៉ាក់សាំងដូសជំរុញនៅតាមសាលារៀន តាមសហគមន៍ តាមផ្សារទីប្រជុំ និងខ្នងផ្ទះនានារបស់ប្រជាពលរដ្ឋ។
បើតាមលោក ពាង សារុន ប្រធានមណ្ឌលសុខភាពស្អាងភ្នំ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែឧសភានេះថា នៅថ្ងៃនេះ ក្រុមពេទ្យធ្វើការចុះវ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ និងដូសទី៤ជូនសិស្សានុសិស្ស នៅក្នុងសាលាឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ ខណៈសិស្សានុសិស្ស ភាគច្រើន នៅក្នុងអំឡុងពេលនេះ គឺគេមានការមមាញឹកខ្លាំងក្នុងការសិក្សា។
លោក បន្តថា បន្ទាប់ពីការចុះចាក់តាមសាលារៀន ក្រុមពេទ្យនឹងបន្តចុះចាក់នៅតាមទីប្រជុំជន តាមសហគមន៍ និងខ្នងផ្ទះនានាទៀត។
បើតាមបណ្តាសិស្សានុសិស្សនៃសាលារៀន ហ៊ុន សែន ស្អាងភ្នំ បាននិយាយថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី៣របស់ពួកគេ មានការយឺតយ៉ាវបន្តិច ដោយសារការភ្លេចនិងជាប់រវល់ការសិក្សា ហើយពួកគេ លើកឡើងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានសហការជាមួយក្រុមពេទ្យ ចុះចាក់វ៉ាក់សាំងកូវីដ១៩ មកដល់សាលារៀនរបស់គេផ្ទាល់តែម្តង។
បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា ការចាក់វ៉ាក់សំាងការពារកូវីដ១៩ ជូនពលរដ្ឋដូសទី២ មកដល់ថ្ងៃនេះគឺខេត្តកណ្តាល សម្រេចចាក់បានលើស១០០% លើសផែនការគ្រោងទុក ។ ប៉ុន្តែសម្រាប់ការចាក់ដូសទី៣ សម្រាប់កុមារអាយុ៥ឆ្នាំគឺកំពុងដំណើរការចាក់បានប្រមាណ១៣% សម្រាប់ការចាក់ដូសទី៣លើក្មេងអាយុ ៦ឆ្នាំដល់១២ឆ្នាំ ចាក់បានប្រមាណ៦៨% ការចាក់សម្រាប់អាយុពី១២ ឆ្នាំដល់១៨ ឆ្នាំគឺបានជិត ៩០% ក្នុងនោះការចាក់ដូសទី៤ គឺបានប្រមាណ៥% ។ ដោយឡែកការចាក់ដូសទី៣ លើមនុស្សវ័យចាប់ពី១៨ឆ្នាំឡើង គឺចាក់បានជាង៦០% ក្នុងនោះ ការចាក់ដូសទី៤ធ្វើបានប្រមាណ១៣%៕ អត្ថបទ៖ ស៊ុម សុខជា