ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានពិនិត្យនិងឱ្យយោបល់ សេចក្តីព្រាងច្បាប់ស្ដីពី សុវត្ថិភាពម្ហូបអាហារ ដែលច្បាប់មួយនេះ ពេលអនុវត្តទៅនឹងជួយលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ រួមទាំងការ ទាក់ទាញនូវវិនិយោគទុន ទេសចរណ៍បរទេស និងមានអត្ថប្រយោជន៍ជាច្រើនទៀត ។
សេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ មានចំនួន ១១ជំពូក និង៤៣មាត្រា ត្រូវបាន អនុម័តក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ។
ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការអនុម័តច្បាប់នេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតឲ្យមានប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ដោយផ្អែកតាមមូលដ្ឋានវិទ្យាសាស្ត្រ និងការវិភាគរកហានិភ័យ ព្រមទាំងកសាងនូវចំណុចអទិភាព និងការត្រួតពិនិត្យបំពេញបន្ថែមឲ្យគ្នា ប្រកបដោយប្រសិទ្ធភាព ហើយការអនុវត្តពេញលេញនឹងបង្កើតឲ្យមានរំហូរសេរីនៃទំនិញ សេវាកម្ម និងការវិនិយោគ ដើម្បីស្រូបយកអាជីវកម្ម អ្នកជំនាញទេពកោសល្យ និងរំហូនៃដើមទុនដោយសេរី ។
ឯកឧត្តម បន្តថា ច្បាប់នេះ នឹងផ្ដល់នូវសារសំខាន់ ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាតិជាធរមាន សំដៅលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ហើយវាក៏ជួយលុបបំបាត់នូវការក្លែងបន្លំ នៃម្ហូបអាហារដែលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ។
សេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារនេះ នឹងត្រូវអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
គួរបញ្ជាក់ថា ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក៏បានអនុម័តផងដែរ នូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលមានអង្គប្រតិបត្តិឲ្យមានចំនួនសមស្របតាមស្ថានភាព នៃកំណើនសេដ្ឋកិច្ច កំណើនពលរដ្ឋនិងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ៕ អត្ថបទ បាន សុខរិទ្ធិ






