សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជន គឺជាប្រតិបត្តិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ហើយបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិពីគ្រប់ភាគី និងស្មារតីឈ្នះ-ឈ្នះ គ្មានអ្នកចាញ់ ដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រប់ឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ វិមានសន្ដិភាព។
ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា អាស៊ីអាគ្នេយ៍បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញក្រោយសង្គ្រាមលោកលើកទី២។ សង្គម ក្រោយអាណានិគម ត្រូវបានកសាងសមិទ្ធិផលកើតចេញពីការរំដោះចេញពីការលះបង់ «សាច់ស្រស់ ឈាមស្រស់» របស់អតីតយុទ្ធជន និងនិវត្តទាំងសមរភូមិជួរមុខ និងជួរក្រោយ។ សម្រាប់ឥណ្ឌូចិន យើងនៅមានសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំក្នុងសម័យសង្គ្រាមត្រជាក់ ហើយសម្រាប់កម្ពុជាដែលមានសង្គ្រាមយូរជាងគេនៅអាស៊ីអាគ្នេយ៍ យើងយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ក៏ដូចជាការលះបង់ដ៏ធំធេង និងការលះបង់គ្រប់ទម្រង់ដែលធ្វើឡើងដោយអតីតយុទ្ធជន និងនិវត្តជន ក្នុងការរួមចំណែកដល់ការកសាងជាតិ និងការការពារជាតិ។
សម្តេចធិបតីបានថ្លែងថា មិនថាស្ថិតនៅកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិក្នុងការកំណត់វាសនា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ។ សម្រាប់កម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលយើងទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ជាមួយនឹងគតិបណ្ឌិតដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្តេចធិបតី បានបញ្ជាក់ថា៖«តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក។ អតីតយុទ្ធជន និងនិវត្តជនគឺជាប្រតិបត្តិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ ហើយបងប្អូនបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិពីគ្រប់ភាគី និងស្មារតីឈ្នះ-ឈ្នះ គ្មានអ្នកចាញ់ ដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រប់ឡើយ»៕









