ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៦ នេះ បានបន្តកិច្ចការធ្វើជំរឿនមន្ត្រីរាជការដល់ក្រសួងសុខាភិបាល។ ការធ្វើជំរឿននេះ គ្រោងធ្វើរយៈពេល ៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៥ខែតុលា ដល់ថ្ងៃទី ៩ ខែ តុលា ដោយថ្ងៃដំបូងនេះ ការធ្វើជំរឿនរៀបចំឡើងនៅទីតាំងចំនួន ៥ផ្សេងគ្នា។
ការធ្វើជំរឿនមន្ត្រីរាជការ សម្រាប់ក្របខណ្ឌក្រសួងសុខាភិបាល បានចាប់ផ្តើមអនុវត្ត ដោយថ្ងៃដំបូងនេះ ក្រសួងមុខ ងារសាធារណៈ បានបែងចែកមន្ត្រីជំនាញ ចុះបំពេញការងារលើទីតាំងចំនួន ៥ផ្សេងគ្នា ទាំងនៅទីតាំងក្រសួងសុខា ភិបាល និងនៅតាមមន្ទីរពេទ្យ ដើម្បីសម្រួលដល់មន្ត្រី និងក្រុមគ្រូពេទ្យ។ ជំរឿននៅថ្ងៃដំបូងនេះ មាននៅទីតាំង ទី ស្តីការក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យ កុមារជាតិ។ តាមកាលវិភាគ ការធ្វើជំរឿននេះ នឹងបន្តទៅធ្វើតាមមន្ទីរពេទ្យផ្សេងទៀត នៅថ្ងៃបន្តបន្ទាប់។ ថ្ងៃដំបូងនៃការធ្វើជំរឿននេះ លោក វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត បានសម្តែងការពេញ ចិត្តចំពោះការចូលរួមធ្វើជំរឿន ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិ កាលទី ៧។ ផ្តោតលើមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការធ្វើជំរឿននេះ នឹងជួយឱ្យមន្ទីរពេទ្យ ដឹងពីកម្លាំង ពិតរបស់ខ្លួន ក្នុងការបំពេញការងារ លើការថែទាំព្យាបាលជូនប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាល ជាក្រសួងទី ២៥ ដែលទទួលបានការធ្វើជំរឿន។ តាមការបញ្ជាក់របស់ក្រសួងមុខងារសាធារ ណៈ នាពេលថ្មីៗនេះ ដំណើរការនៃការធ្វើជំរឿន គឺសម្រេចបានប្រមាណជាង ៦០ភាគរយ នៃស្ថាប័នចំណុះអង្គការ នីតិប្រតិបត្តិ។
ការធ្វើជំរឿន គឺតម្រូវឱ្យមន្ត្រីមានវត្តមានដោយផ្ទាល់ និងត្រូវភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់មន្ត្រីរាជការ។ កន្លងទៅកម្ពុជា ធ្លាប់បានធ្វើជំរឿនមន្ត្រីចំនួន ៣លើករួចមកហើយ។ ការធ្វើជំរឿនមន្ត្រីលើកទី ១នៅឆ្នាំ ១៩៩៥ ការធ្វើជំរឿនមន្ត្រីលើកទី ២ធ្វើឡើងនៅឆ្នាំ ១៩៩៩-២០០១ និងការធ្វើ ជំរឿនមន្ត្រីលើកទី ៣នៅឆ្នាំ ២០១០៕ អត្ថបទ៖ គឹមហុក





