ភ្នំពេញ ៖ មកដល់ព្រឹកថ្ងៃទី២៣ ខែមីនា បណ្តាអាជីវករនៅក្នុងផ្សារតាខ្មៅចាស់ បានបន្តបិទតូបលក់ដូរទំនិញដោយខ្លួនឯង បានកើនដល់ប្រមាណជាង៨០% បន្ទាប់ពីអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ បានតម្រូវអោយម្ចាស់តូបចំនួន៤តូប មានការពាក់ព័ន្ធផ្ទាល់អ្នកផ្ទុកមេរោគកូវីដ-១៩ ផ្អាកការលក់ដូរជាបណ្តោះអាសន្ន ដើម្បីទៅធ្វើចត្តាឡីស័ក។
ដោយមានការព្រួយបារម្ភខ្លាំងអំពីការរាតត្បាតកូវីដ១៩ នៅក្នុងសហគមន៍ នៅព្រឹកមិញនេះ នៅក្នុងផ្សារតាខ្មៅចាស់ជាន់ទី១ គឺមានតូបលក់ទំនិញប្រមាណ៩០% មិនមានការបើកលក់ដូរទំនិញនោះទេ ហើយនៅជាន់ផ្ទាល់ដី វិញមានតូចលក់ទំនិញប្រមាណតែ៣០% បានដំណើរការធម្មតា ហើយក្រៅពីនេះ គឺបានបន្តបិទជាបណ្តោះអាសន្ន។
បើតាមបណ្តាអាជីវករក្នុងផ្សារតាខ្មៅចាស់ បានថ្លែងថា ចាប់តាំងពីអាជ្ញាធរបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ បានដើរចូលផ្សារ និងមានពាក់ព័ន្ធផ្ទាល់ជាមួយអ្នកលក់ទំនិញនៅក្នុងផ្សារមក បានធ្វើចំនួនពលរដ្ឋដើរផ្សារ និងអ្នកលក់ទំនិញនៅក្នុងផ្សារ បានធ្លាក់ចុះបន្តបន្ទាប់ ជាពិសេសក្នុងរយៈពេល២ថ្ងៃ ចុងក្រោយនេះ។
បើតាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃនេះដែរថា នៅពេលនេះ រដ្ឋបាលខេត្តមិនមានផែនការបិទមូលដ្ឋានអាជីវកម្ម និងបិទមុខរបរការរកស៊ីប្រចាំថ្ងៃរបស់បងប្អូននោះទេ ប៉ុន្តែសម្រាប់មូលដ្ឋានអាជីវកម្ម ហាង និងតូបលក់ទំនិញ និងសេវាកម្មណាដែលពាក់ព័ន្ធផ្ទាល់អ្នកផ្ទុកកូវីដ-១៩ ចូលទៅទទួលសេវា គឺអាជ្ញាធរបានតម្រូវអោយពួកគាត់បិទ ដោយយើងតម្រូវអោយគាត់ទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ ។ ឯកឧត្ដម បន្តថា ដោយឡែកសម្រាប់អាជីវកម្ម ហាងលក់ទំនិញផ្សេងៗ អាជ្ញាធរមិនតម្រូវអោយបិទទេ តែពួកគាត់បានបិទដោយខ្លួនឯង ហើយរង់ចាំកូវីដ ធូរស្រាលវិញទើបបើកវិញ។
ទន្ទឹមនឹងព្រួយបារម្ភ និងការរួមគ្នាទប់ស្កាត់ការរាតត្បាតកូវីដ-១៩នេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌក៏បានបញ្ជាក់ថា បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការ និងនគរបាលធ្វើការងារជួរមុខ បានអស់គ្នារួចហើយ យើងក៏បានបើកឱកាសជូនពលរដ្ឋវ័យ៦០ឆ្នាំឡើង និង ពលរដ្ឋអាទិភាពនានាទៀត ទទួលបានការចាក់វ៉ាក់សាំងផងដែរ ខណៈមកដល់បច្ចុប្បន្ន ក្នុងចំណោមវ៉ាក់សាំង ដែលខេត្តកណ្តាល ទទួលបានជាង២៥០០០ដូស នៅជុំទី១ គឺយើងបានចាក់អស់ប្រមាណ៩៥% ក្នុងនោះ វ៉ាក់សាំងកូវីសែល កំពុងចាក់ជូនមនុស្សវ័យលើស៦០ឆ្នាំ ជាងនៅជុំទី១នេះ បានជាង២០០០០នាក់។ ដោយឡែកសម្រាប់វ៉ាក់សាំងស៊ីណូហ្វាមវិញ នៅក្នុងជុំទី២ ដំណើរការចាក់បានចំនួនជិត៤៣០០នាក់៕
អត្ថបទ ៖ ស៊ុម សុខជា