ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ខណ្ឌ ត្រូវប្រចាំការជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង នៅទីស្នាក់ ដើម្បីបំរើសេវាសាធារណៈ និងទទួឡសំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃ។
ថ្លែងក្នុងកិច្ចប្រជុំបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ របស់គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពណែនាំមន្រ្តីសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ឲ្យយកចិត្តទុកដាក់បំរើសេវាសាធារណះ សេវាសន្តិសុខ សេវាផ្សេងៗជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។
លោកអភិបាល បានបន្តទៀតថា ដើម្បីធនាបំរើការងារ បានជោគជ័យ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌត្រូវពង្រឹងការងារសន្តិសុខឡើងវិញ ដោយត្រូវដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឡើងវិញទាំងយប់ទាំងថ្ងៃ និងត្រូវបង្កើនមុខសញ្ញាញៀនថ្នាំ ជនពនេចរគ្មានទីជំរកពិតប្រាកដនិងស្រ្តីរកស៊ីផ្លូវភេទជាដើម ក្នុងមូលដ្ឋានដែលបង្កហានិភ័យ ដើម្បីគ្រប់គ្រងជនទាំងនេះមិនឲ្យប្រព្រឹត្តល្មើសទាំងឡាយណាប្រាសចាកគន្លងច្បាប់។
ជាចុងក្រោយ លោកបានបញ្ជាក់ថា កម្លាំងសង្កាត់និងប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាមិនអនុញ្ញាតឲ្យមានការសង់រោងការ រោងបុណ្យ ឬពិធីផ្សេងៗលើទ្រូងផ្លូវឡើយ ព្រោះអាចប៉ះពាល់ការកកស្ទះផ្លូវរបស់គណបក្សនយោបាយនានា ធ្វើការដង្ហែក្បួនក្នុងមូលដ្ឋានខណ្ឌដូនពេញ៕ អត្ថបទ៖ កុម្ភៈ



