ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ មានបងប្អូនយុវជន យុវនារីខ្មែរ ជាច្រើនកុះករបានបន្តមកទទួលពាក្យសុំ ដោយស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រកបដោយឆន្ទៈមោះមុត និងមានមោទនភាពបំផុត ខណៈសកម្មភាពនេះបង្ហាញថាយុវជនខ្មែរពិតជាចង់បម្រើកងទ័ព ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹក។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនយុវជន យុវនារីខ្មែរ ដែលបានចូលមកទទួល ពាក្យស្នើសុំបំពេញកាតព្វកិច្ចនេះ ភាគច្រើនពួកគេលើកឡើងថា អ្វីដែលពួកគេមកគឺមានគោលបំណងធំបំផុតគឺការពារជាតិ លះបង់ជីវិតដើម្បីជាតិ បំពេញកាតព្វកិច្ចចំពោះជាតិ ហើយការចូលបំពេញកាតព្វកិច្ចនេះ មិនមែនជាបន្ទុករបស់ពួកគេទេ គឺជាកាតព្វកិច្ចរបស់ពួកគេដែលត្រូវធ្វើនិងត្រូវចូលរួមដោយគ្មានការភ័យខ្លាចនឹងការបាត់បង់ជីវិតនោះឡើយ។
សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានទទួលពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធាកាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២នេះ ក្រោយបើកការទទួលពាក្យគេសង្កេតឃើញយុវជននៅគ្រប់បណ្តារាជធានី និងខេត្តទាំងអស់ទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថតាម ក្រុង-ស្រុក-ខណ្ឌ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះ គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ។
បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាក់ថាការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺនមានចំណេះដឹង ជំនាញមានវិន័យ និងសមត្ថភាព ធានាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាពជាដើម។
នាយឧត្តមសេនីយ៍ ទៀ សីហា បានកលើកឡើងកាលពីកន្លងទៅថា ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព ការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។ ការចូលរួមហ្វឹកហាត់ នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយចិត្តគំនិត វិន័យ ប្រកបដោយជំនាញបទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ៕








