ព្រៃវែង៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ បានចាត់តាំងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ នាំយកថវិកាជិត១៥ម៉ឺនដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ ។
ថវិកាសប្បុរសធម៌នេះ គឺមានចំនួន ១៤៩,៨៩០ដុល្លារសហរដ្ឋអាមេរិក ដែលបានមកពីការចូលរួមឧបត្ថមត្ភពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង. ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជននានាជាច្រើនទៀត។
ថវិកានេះ បានប្រគល់ជូនដោយផ្ទាល់ដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើកបន្ថែមទៀត។
ថ្លែងនៅក្នុងពិធីប្រគល់នោះ ឧត្តមសេនីយ៍ឯក ឡោ សុឡេង បានលើកឡើងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាពេលនេះគឺជាទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ហើយក៏ជាការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានផងដែរ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ថ្វីត្បិតកម្ពុជាបច្ចុប្បន្នក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតលើសកលលោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែថវិកាដែលយើងប្រមូលបាននៅតែមានចំនួនច្រើននេះសបញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។
ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ នេត សាវឿន និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ ព្រមទាំងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលា៕អត្ថបទ៖ បាន ចក់



