នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានរំឭកឡើងវិញនូវប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ កាលពីថ្ងៃទី៥ ខែតុលានេះថា តម្លៃនៃសន្តិភាពគឺជាការលះបង់ដ៏ធំធេង និងគ្រប់ទម្រង់ដែលធ្វើឡើងដោយអតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ប៉ែន បូណា បានរំឭកថា អាស៊ីអាគ្នេយ៍បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញក្រោយសង្គ្រាមលោកលើកទី២។ សង្គមក្រោយអាណានិគមរបស់យើង ត្រូវបានកសាងសមិទ្ធិផលកើតចេញពីការរំដោះចេញពីការលះបង់ «សាច់ស្រស់ ឈាមស្រស់» របស់អតីតយុទ្ធជន និងនិវត្តទាំងសមរភូមិជួរមុខ និងជួរក្រោយ។ សម្រាប់ឥណ្ឌូចិន យើងនៅមានសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំក្នុងសម័យសង្គ្រាមត្រជាក់ ហើយសម្រាប់កម្ពុជា ដែលមានសង្គ្រាមយូរជាងគេនៅអាស៊ីអាគ្នេយ៍ យើងយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ក៏ដូចជាការលះបង់ដ៏ធំធេង និងការលះបង់គ្រប់ទម្រង់ដែលធ្វើឡើងដោយអតីតយុទ្ធជន និងនិវត្តជន ក្នុងការរួមចំណែកដល់ការកសាងជាតិ និងការការពារជាតិ។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី។
សម្តេចធិបតីក៏បានបញ្ជាក់ថា មិនថាស្ថិតនៅកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិក្នុងការកំណត់វាសនា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ។ សម្រាប់កម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលយើងទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ជាមួយនឹងគតិបណ្ឌិតដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីក៏បានថ្លែងបញ្ជាក់ដែរថា ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួមចំណែកដ៏ធំធេងកសាងគ្រឹះដ៏រឹងមាំនៃសន្តិភាពសម្រាប់កម្ពុជា ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរងទុក្ខវេទនាដ៏អាក្រក់បំផុតដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ៕
