ភ្នំពេញ ៖ នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធបើកមហោស្រពសិល្បៈជាតិ ឆ្នាំ២០២២ ស្តីពីគំនូរវិចិត្រកម្មពណ៌ទឹក ក្រោមប្រធានបទ «ជីវិត និងធម្មជាតិ» រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណ សាលសន្និសីទចតុម្មុខ។
បើតាមលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានឲ្យដឹងថា ជាទូទៅនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានជ្រើសរើសនូវប្រធានបទប្លែកៗ ផ្សេងៗគ្នា និងទម្រង់ខុសៗគ្នា នៅក្នុងវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម មកប្រកួតប្រជែង និងដាក់ជូននូវប្រធានបទប្លែកៗ ដល់សិល្បករ សិប្បករ ដើម្បីឲ្យបានចូលរួមប្រកួតប្រជែង។ ជារៀងរាល់ឆ្នាំយើងមានប្រធានបទ ដូចជា៖ ចម្លាក់ស្បែក មុខខ្មុក ចម្លាក់ឈើ ចម្លាក់ស្ពាន់ ក៏ដូចជាគំនូរវិចិត្រកម្ម និងគំនូរទំនើប បានប្រព្រឹត្តទៅច្រើនលើករួចមកហើយ។ ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ ដោយជ្រើសរើសនូវប្រធានបទ ទាក់ទងនឹងគំនូរវិចិត្រកម្មពណ៌ទឹក ក្នុងគោលបំណងសំដៅបំផុតស្មារតី លើកទឹកចិត្តដល់សិល្បករ វិចិត្រករ និងមហាជនទូទៅដើម្បីចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ និងគាំទ្រនូវសិល្បៈគំនូរវិចិត្រកម្មពណ៌ទឹក ដែលបច្ចុប្បន្ននេះកំពុងតែមានការរីកចម្រើនទាំងក្នុងចំណោមសិស្ស និសិ្សត និងរហូតដល់កម្រិតសិល្បករអាជីព។
ជាមួយគ្នានដែរឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលសំបូរទៅដោយធនធានមរតកវប្បធម៌ទាំងរូប និងអរូបី។
ផ្នែកសិល្បៈរូបី៖ យើងមានប្រាសាទបុរាណតូច-ធំ គ្រប់ទីកន្លែងពេញផ្ទៃប្រទេសទាំងសំណង់បែបព្រហ្មញ្ញ និងព្រះពុទ្ធសាសនា ព្រមទាំងរមណីយដ្ឋានវប្បធម៌ និងធម្មជាតិរាប់មិនអស់។
ផ្នែកសិល្បៈអរូបី៖ ផ្នែកជំនឿសាសនា ការគោរពប្រតិបតិ្តប្រពៃណីទំនៀមទម្លាប់ សិល្បៈគ្រប់ ទម្រង់ រួមមាន ល្បែង របាំ ចម្រៀង តន្រី្ត ល្ខោន យីកេ អក្សរ ភាសា សិល្បៈទស្សនីយភាព រួមទាំងផ្នែកសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ជាច្រើនសន្ធឹកសន្ធាប់ទៀត ដែលបុព្វបុរសខ្មែរយើងបាន បង្កើតឡើងតាមរយៈបញ្ញាញាណ និងទេពកោសល្យដ៏ខ្ពង់ខ្ពស់បន្សល់ទុកសម្រាប់កូនចៅគ្រប់ជំនាន់។
ឯកឧត្តម សោម សុគន្ធ ក៏បានលើកឡើងទៀតថា សិល្បៈគំនូរវិចិត្រកម្មពណ៌ទឹក (Aquarelle ឬWatercolor) គឺជាមូលដ្ឋានគ្រឹះដំបូងនៃគំនូរវិចិត្រកម្មដ៏ទៃទៀត ដូចជាគំនូរ Gouache, Acrylic, Poster និងOil Painting ជាដើម។ កាលណាគេបានស្គាល់ពីគំនូរពណ៌ទឹកច្បាស់ គឺមានការងាយស្រួល ក្នុងការឈោងចាប់នូវបច្ចេកទេសគំនូរដ៏ទៃទៀត។ គំនូរពណ៌ទឹកត្រូវបានវិចិត្រករ ស្ថាបត្យករ និងអ្នកបុរាណវិទូ រចនាទៅលើឯកសារ រូបភាព ប្លង់ និងសៀវភៅសម្រាប់សិក្សាគ្រប់កម្រិត មានដូចជាផែនទីភូមិសាស្រ្ត ប្រវតិ្តវិទ្យា ជីវវិទ្យា និងសៀវភៅប្រជុំវិទ្យា។ ដោយឡែកភៀវទេចរ និងអ្នក ធ្វើដំណើរកម្សាន្តមួយចំនួន ដែលចូលចិត្តនូវទិដ្ឋភាពទេសភាពប្លែកៗ តែងតែផ្តិតយករូបភាពតាមរយៈ ការអង្គុយគូរកំសាន្តអារម្មណ៍ និងសម្រាប់ទុកជាឯកសារប្រចាំជីវិតរបស់ពួកគាត់ (Carnet de Voyage)។ តាមរយៈកំណើនភ្ញៀវទេសចរក្រៅស្រុក ធ្វើឲ្យចំណេះជំនាញគំនូរវិចិត្រកម្មពណ៌ទឹកនេះអាចធ្វើឲ្យសិល្បករ និងវិចិត្រកររកប្រាក់ចំណូលបានស្រួល ដើម្បីរួមចំណែកបំពេញតម្រូវការដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ៕ អត្ថបទ ៖ រដ្ឋា










