សៀមរាប៖ ដើម្បីធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនប្រមាណជាង ៣០០០នាក់ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
លោក ធា សថានី អនុប្រធានសហភាពសហព័ន្ធ ខេត្ដសៀមរាប (សសយក) និងប្រធានក្រុមការងារទទួលបន្ទុកជំរុញ និងតាមដានការអនុវត្ដយុទ្ធនាការ ”ពលរដ្ឋល្អ” ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ បានប្រាប់BTVថា តាមរយៈការបណ្តុះបណ្តាល ស្តីពីអ្នកសង្កេតការណ៍បោះឆ្នោត (សសយក) ខេត្តសៀមរាប នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគុណភាព។
លោក បានបញ្ជាក់ថា កម្លាំងយុវជនចំនួនជាងបីពាន់នាក់នេះ ជាអ្នកសង្កេតការណ៍សំខាន់ ដើម្បីឱ្យមានយុត្ដិធម៌សម្រាប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅដើមខែក្រោយនេះ។
អ្នកសង្កេតការណ៍ប្រមាណជាង ៧០ភាគរយហើយ ក្នុងចំណោមអ្នកសង្កេតការណ៍ សរុបចំនួន ៣០១៦នាក់ ត្រូវបានបណ្ដុះបណ្ដាល ចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែឧសភានេះ ហើយគ្រោងនឹងបញ្ចប់មុនបោះឆ្នោត។
អនុប្រធាន (សសយក) រូបនេះ បានបញ្ជាក់ថា ខេត្ដសៀមរាប មានការិយាល័យបោះឆ្នោតចំនួន ១៥០៨ការិយាល័យ ដែលក្នុងនោះអ្នកសង្កេតការណ៍របស់ (សសយក) ត្រូវបានដាក់មួយការិយាល័យចំនួនពីរនាក់ ដើម្បីតាមដានការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ឆ្នាំ២០២២នេះ។
សហភាពសហព័ន្ធយុវជនកម្ពុជា មិនត្រឹមតែធ្វើសកម្មភាពសម្រាប់ការបោះឆ្នោតប៉ុណ្ណោះទេ គឺស្ថាប័ននេះ ធ្វើសម្មភាពគ្រប់បែបយ៉ាងនៅក្នុងសង្គម ដើម្បីជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ កម្មវិធីជួយដល់សង្គមមួយនេះ ត្រូវបាន (សសយក) ប្រសិទ្ធិនាមថាជា ”យុទ្ធនាការពលរដ្ឋល្អ”៕ អត្ថបទ៖ ឈិត សាវី