ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សម្ពោធអគារសិក្សា និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញក្តីសោមនស្សជាអនេកដោយបានចូលរួមក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ២ ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា រយៈពេល ៨០ ឆ្នាំ គឺជាប្រវត្តិសាស្ត្រដ៏វែងឆ្ងាយមួយ ប៉ុន្តែអ្វីដែលសំខាន់ជាងអាយុកាល គឺចក្ខុវិស័យ និងបេសកកម្មរបស់អង្គភាព ក្នុងការបន្តឆ្ពោះទៅអនាគតប្រកបដោយឧត្តមភាព គុណភាព តម្លៃ និងគុណធម៌។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មិនមែនមានតួនាទីត្រឹមតែផលិតអ្នកមានសញ្ញាបត្រនោះទេ ប៉ុន្តែមានតួនាទីជាយុទ្ធសាស្ត្រក្នុងការផលិត ធនធានមនុស្សសុខាភិបាលដែលមានចំណេះដឹង ជំនាញ សមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីបម្រើប្រជាជន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក និស្សិតប្រមាណជាង ៣ ម៉ឺននាក់ បានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ ហើយបានចូលរួមបម្រើការងារនៅក្នុងប្រព័ន្ធសុខាភិបាលទូទាំងប្រទេស។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការសិក្សាថ្មីៗរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បង្ហាញថាអត្រានិស្សិតមានការងារធ្វើមានរហូតដល់ ៩៦,១៩% ដែលជាសូចនាករសំខាន់មួយបង្ហាញពីភាពពាក់ព័ន្ធរវាងការបណ្តុះបណ្តាល និងតម្រូវការនៃទីផ្សារការងារក្នុងវិស័យសុខាភិបាល។ នេះគឺជាសមិទ្ធផលដែលគួរឱ្យមោទនភាព ប៉ុន្តែយើងមិនគួរឈប់នៅត្រឹមនេះទេ។ ដោយសារវិទ្យាសាស្ត្រ បច្ចេកវិទ្យា ទម្រង់ជំងឺ និងតម្រូវការសុខភាពរបស់ប្រជាជន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សាកលវិទ្យាល័យត្រូវមានទស្សនវិស័យវែងឆ្ងាយជាងអាយុកាលរបស់ខ្លួន និងត្រូវត្រៀមធនធានមនុស្សសម្រាប់ប្រព័ន្ធសុខាភិបាលនាពេលអនាគត។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា តួអង្គបីនៅក្នុងការបណ្ដុះបណ្ដាល មិនថានៅសាកលវិទ្យាល័យ នៅស្ថាប័ន ឬនៅសាលា, ទី១ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង, ទី២ សាស្រ្ដាចារ្យ បុគ្គលិកសិក្សា, ទី៣ និស្សិត, តួអង្គបីនេះ គឺជាមុំចង្ក្រានដែលជួយគ្នា។ ថ្នាក់ដឹកនាំ គឺកំណត់ទិសដៅ ចក្ខុវិស័យ និងបេសកកម្ម របស់ស្ថាប័ន, ការដាក់ទិសដៅនេះ គឺត្រូវបានដឹកនាំអនុវត្តដោយសាស្រ្ដាចារ្យ និងបុគ្គលិកសិក្សា ដែលជាតួអង្គសំខាន់ក្នុងការប្រែក្លាយទិសដៅ គោនយោបាយ ឱ្យទៅជាសកម្មភាពជាក់ស្ដែងតាមរយៈការអនុវត្តភារកិច្ចរបស់ខ្លួនដោយទទួលខុសត្រូវ។ តួអង្គទាំងពីរនេះបានផ្ដល់ទៅដល់និស្សិតជាអ្នកទទួល, និស្សិតបានទទួលផលពីការគិតគូររបស់ថ្នាក់ដឹកនាំសាលា និងការខិតខំរបស់សាស្រ្ដាចារ្យ។ ចំណែកនិស្សិតជាអ្នកបង្ហាញនូវសមិទ្ធផល និងលទ្ធផលនៃគុណភាពដែលថ្នាក់ដឹកនាំ និងសាស្រ្ដាចារ្យខំបញ្ចេញទៅក្នុងសង្គម។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តថា អីចឹង បើនិស្សិត គ្រូពេទ្យ គ្រប់ជំនាញទាំងអស់ដែលចេញពីសាលាក្រហមទៅ មានសមត្ថភាពព្យាបាលមនុស្សជា គេហៅថា គ្រូពេទ្យពូកែ អីចឹងក៏ទាញត្រលប់មកវិញនូវតម្លៃនៃសាលា លើកតម្កើងនូវភាពជឿជាក់របស់ម្ដាយ ប្រជាពលរដ្ឋ និងសិស្សផ្សេងទៀតជំនាន់ក្រោយឱ្យចូលសាលា។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា តួអង្គថ្នាក់ដឹកនាំ, បុគ្គលិក សាស្រ្ដាចារ្យ និងនិស្សិត ទាំងបីនេះ គឺជាតួអង្គកំណត់នូវគុណភាពធនធានមនុស្ស ហើយគុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី រម្លឹកថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន ដូចខ្ញុំធ្លាប់បាននិយាយថា «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា។ មនុស្សឈឺធ្វើឱ្យជា មនុស្សឈឺធ្ងន់ឱ្យទៅស្រាលហើយអាចជា, មនុស្សដែលជិតស្លាប់អាចជួយសង្គ្រោះជីវិតបាន»។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា យើងមានវេជ្ជបណ្ឌិតបរទេសមកធ្វើការបណ្ដុះបណ្ដាលនៅកម្ពុជា ប៉ុន្ដែវេជ្ជបណ្ឌិតយើងមួយចំនួន ទាំងឯកទេសពេទ្យ គិលានុបដ្ឋាក ភាគច្រើនគឺបណ្ដុះបណ្ដាលនៅក្នុងប្រទេសរបស់យើង ដែលវាបង្ហាញអំពីការរីកចម្រើន និងភាពវិវត្តវិស័យសុខាភិបាលរបស់កម្ពុជា។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា គ្រូពេទ្យត្រូវមានជំនាញពីរ ទីមួយគឺរឿងថ្នាំ ទី២ គឺរឿងចិត្តសាស្រ្ត។ គ្រាន់តែពេទ្យញញឹមដាក់ ពេទ្យយកចិត្តទុកដាក់ ពេទ្យមកពិនិត្យ ១ម៉ោង ២ម៉ោងម្ដង អនុវត្តវិជ្ជាជីវៈ អីចឹងបានពេទ្យមិនមែនរៀនតែចំណេះរឹងទេ គឺចំណេះទន់នេះ គឺសំខាន់ណាស់ ព្រោះបើគ្រាន់តែឃើញពេទ្យៗមុខកាចទៅហើយយើងឈឺលើសដើម។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា អជីពរបស់ពេទ្យទីមួយគឺការចង់ជួយជីវិតមនុស្ស ការចង់ជួយព្យាបាលមនុស្ស និងការបម្រើសង្គម។ ទី២ កិត្តិយសនៅក្នុងសង្គម វិជ្ជាជីវៈជាពេទ្យគឺមានការគោរព ការផ្ដល់តម្លៃនៅក្នុងសង្គមមួយ និងទី៣ ឱកាសការងារ ប្រាក់ចំណូលមធ្យម។ ប៉ុន្ដែនៅក្នុងបីនេះ គិតថាបងប្អូនដែលបញ្ចប់វិជ្ជាជីវៈពេទ្យ ប្រាកដជាមានទិសដៅតែមួយ គឺអាទិភាពធំបំផុតការសង្គ្រោះជីវិត ព្យាបាលសុខភាពប្រជាជន ឃើញអ្នកផ្សេងបានជាសះស្បើយ ឃើញគ្រួសារផ្សេងមិនបែកបាក់ដោយសារការបាត់បង់ជីវិតរបស់អ្នកជំងឺដែលយើង ផ្ទុយទៅវិញបានឃើញគេសប្បាយចិត្ត ដែលនេះគឺជាអាទិភាពទី១ក្នុងអាជីពពេទ្យ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ពេទ្យស្រួលរក, ប៉ុន្ដែដូចខ្ញុំថា ពេទ្យ រៀនកុំរៀនឱ្យតែចប់ ប៉ុន្ដែចេះ, កុំរៀនបានតែសញ្ញាបត្រ ដើម្បីយកទៅបើកក្លីនិកបានចំណូលអត់ទេ, ត្រូវតែចេះផ្ដល់ថ្នាំឱ្យគេឱ្យច្បាស់ ព្រោះខ្ញុំឈឺ ខ្ញុំទៅរកពេទ្យ ប៉ុន្ដែបើពេទ្យឱ្យថ្នាំខ្ញុំអត់ច្បាស់ ខ្ញុំមានជឿនរណាទៀត ខ្ញុំជឿតែពេទ្យ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់និស្សិតរៀនវិជ្ជាជីវៈពេទ្យ ត្រូវយកចិត្តទុកដាក់រៀនសូត្រ គោរពវិជ្ជាជីវៈដោយគិតគូរដល់អាយុជីវិត និងសុខភាពពលរដ្ឋជាចំបង និងហាមដាច់ខាតកុំរៀនអាជីពពេទ្យតាមរយៈផ្លូវកាត់ដើម្បីយកតែសញ្ញាបត្រ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«កុំរីកតែអគារ កុំរីកតែចំនួនមនុស្ស តែត្រូវរីកគុណភាពហើយវិស័យសុខាភិបាលរបស់យើងបានដើរ៤០ឆ្នាំមកនេះ តាំងពីពេទ្យនៅសល់ប៉ុន្មាននាក់ចេញមក ឥឡូវយើងបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងរាប់ពាន់នាក់ ហើយថ្ងៃនេះជាង ២ពាន់នាក់ ដែលបានចូលរួម និងចូលរួមនៅក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងវិស័យសុខាភិបាលរបស់យើង។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តលើកទឹកចិត្តភាពជាដៃគូរវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យសុខាភិបាលឯកជន ជាពិសេសការផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងប្រកបដោយគុណភាព។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យក្រសួង ស្ថាប័ន ពាក្យត្រូវមានការគិត និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើបញ្ហាអាហារូបបត្ថម្ភដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ខណៈនៅអត្រានៃក្មេងៗ និងយុវជនក្មេងៗ ឆាប់ផ្ដើមមានជំងឺ ជាពិសេសជំងឺទឹកនោមផ្អែមនេះតែម្ដង ហើយបញ្ហាទាំងនេះ មួយចំនួនជាតំណពូជ ប៉ុន្ដែមួយចំនួនទៀតគឺមកពីការបរិភោគអាហារ និងភេសជ្ជៈដែលមានជាស្ករខ្ពស់។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា កន្លងទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង ក្នុងនោះសម្ដេច បានឱ្យក្រុមការងារមួយដឹកនាំដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពី រដ្ឋមន្រ្ដីក្រសួងសុខាភិបាល, រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ឱ្យធ្វើការងារលើការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មលើគ្រឿងស្រវឹង និងភេសជ្ជប៉ូវកម្លាំង។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា រដ្ឋាភិបាលឱ្យបញ្ចប់ទាំងស្រុងនូវការផលិតភេសជ្ជៈគ្រឿងស្រវឹង និងទឹកប៉ូវកម្លាំងដោយដាក់ក្រវិលផ្ដល់ ឬប្ដូររង្វាន់ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះតទៅ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តរឹតបន្តឹង ខណៈឥឡូវនេះ សន្ទុះប្រើប្រាស់ បារីអេឡិចត្រូនិកហាក់មានសន្ទុះការប្រើប្រាស់ពីយុវជនឡើងវិញ។ សម្ដេច បន្តថា កន្លងទៅរដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួនហើយដើម្បីប្រឆាំង ហាមឃាត់ការប្រើប្រាស់ និងបញ្ឈប់ការលក់បារីអេឡិចត្រូនិកនេះ នៅកម្ពុជា។
សម្ដេចធិបតី៖ បីថ្ងៃមុន ឧបការីរបស់ទូតអាម៉េរិក បានជួបខ្ញុំ បន្ទាន់ គាត់បានបញ្ជាក់ថា ឥឡូវ រដ្ឋមន្ត្រីការបរទេសអាម៉េរិក បាននិយាយជាមួយថៃហើយ ថាឱ្យថៃឈប់សកម្មភាពណាដែលបង្កើនកម្ដៅ សកម្មភាពណាដែលជាបញ្ជាក់ថាវាតទីយកទឹកដីកម្ពុជា និងត្រូវអនុវត្ត KL Accord ដែលបានបញ្ជាក់ថា គឺត្រូវវាស់វែង តាមសន្ធិសញ្ញា អនុសញ្ញាកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយប្រើយន្តការ JBC ។ គាត់មកជួប និងបញ្ជាក់ថា កម្ពុជាមិនធ្វើសកម្មភាពបង្កើនកម្ដៅ សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាមិនដែលទេ និងអត់ធ្មត់ណាស់ ហើយអាម៉េរិក ដែលជួយឱ្យមាន KL Accord សូមជួយធ្វើយ៉ាងម៉េចឱ្យមានការវាស់វែង JBC ។
ដូច្នេះកិច្ចព្រមព្រៀងកាលពីខែ១២ មកដល់ពេលនេះ មិនទាន់ចោលទេយន្តការដោះស្រាយការទូត ច្បាប់ យើងលេងផ្លូវទឹកនៅ UNCLOS យើងលេងផ្លូវច្បាប់ នៅពេលដែលយន្តការទ្វេភាគីវាអត់រួច ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ កាលពីចុងឆ្នាំ២០២៣ មានកុមារតែ១១ម៉ឺននាក់ទេ ដែលទទួលបានការឧបត្ថម្ភ ប៉ុន្ដែមកដល់ពេលនេះ គឺរយៈពេលបីឆ្នាំ រដ្ឋាភិបាលបានកើនឡើង ១ជា៣ ដែលមានកុមារប្រមាណ ៣០ ម៉ឺននាក់ ដែលបានទទួលផល។


















