សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់និស្សិតពេទ្យ គ្រូពេទ្យ ក៏ដូចជាអ្នកដែលចាប់អាជីពជាគ្រូពេទ្យ ត្រូវរៀនជំនាញទាំងជំនាញទន់ និងជំនាញរឹង និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយគិតគូអំពីជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាចំបងបំផុង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញសេចក្ដីសោមនស្សជាអនេកបានចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាថ្ងៃនេះ។ សម្តេចធិបតីបានអបអរសាទរនិស្សិតជ័យលាភីទាំងអស់ ដែលបានជម្នះរាល់ការលំបាករហូតបានបញ្ចប់ការសិក្សាផ្នែកសុខាភិបាល ដែលជាជំនាញដែលមានតួនាទីដ៏សំខាន់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្តេចក៏បានកោតសរសើរដល់អាណាព្យាបាលគ្រប់រូប ដែលបានប្រឹងប្រែងចិញ្ចឹមបីបាច់ ថែទាំ និងទ្រទ្រង់កូនៗរហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចធិបតី ក៏បានរំលឹកដល់និស្សិតបញ្ចប់ការសិក្សានាពេលនេះថា មិនមែនជាពេលបញ្ចប់ការរៀនសូត្រនោះទេ ហើយជាពេលដែលត្រូវរៀនសូត្រជាប់ជាប្រចាំ។ សម្ដេចថ្លែងថា គុណភាពធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល គឺសុខភាព និងជីវិតប្រជាជន។ សម្ដេចបានរំលឹកថា «ពេទ្យមិនមែនជាទេវតា ប៉ុន្ដែធ្វើបេសកកម្មឱ្យទេវតា។ មនុស្សឈឺធ្វើឱ្យជា មនុស្សឈឺធ្ងន់ឱ្យទៅស្រាលហើយអាចជា, មនុស្សដែលជិតស្លាប់អាចជួយសង្គ្រោះជីវិតបាន»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា យើងមានវិជ្ជបណ្ឌិតបរទេសមកធ្វើការបណ្ដុះបណ្ដាលនៅកម្ពុជា ប៉ុន្ដែវេជ្ជបណ្ឌិតយើងមួយចំនួន ទាំងឯកទេសពេទ្យ គិលានុបដ្ឋាក ភាគច្រើនគឺបណ្ដុះបណ្ដាលនៅក្នុងប្រទេសរបស់យើង ដែលវាបង្ហាញអំពីការរីកចម្រើន និងភាពវិវត្តវិស័យសុខាភិបាលរបស់កម្ពុជា។
សម្តេចធិបតី មានប្រសាសន៍ថា តួអង្គ៣ដែលនាំឱ្យវិស័យអប់រំមួយ គឺ៖ ១) ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង, ២) សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងទី៣) និស្សិត។ តួអង្គ៣នេះ ជាមុំចង្ក្រាន ថ្នាក់ដឹកនាំ កំណត់ទិសដៅ ចក្ខុវិស័យ និងបេសកកម្ម កំណត់និយាមស្តង់ដារ អភិក្រមក្នុងការបណ្តុះបណ្តាល ដែលនេះជាកត្តាសំខាន់ ក្នុងការកំណត់លទ្ធភាព លទ្ធផល និងប្រភេទធនធានដែលចង់ចេញមកយ៉ាងណា ហើយទិសដៅនេះ អនុវត្តដោយសាស្ត្រាចារ្យ បុគ្គលិកសិក្សា ហើយទាំងពីរនេះ ហុចផលដល់និស្សិតជាអ្នកសិក្សា។ និស្សិតបង្ហាញលទ្ធផល សមិទ្ធផលរបស់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យរបស់សាលា។ និស្សិតពូកែ ព្យាបាលមនុស្សជា នឹងបង្ហាញពីគុណតម្លៃអប់រំរបស់សាល។
សម្តេចធិបតីថ្លែងថា៖«និស្សិតពេទ្យទើបបញ្ចប់ការសិក្សាថា ទិសដៅរបស់គ្រូពេទ្យ គឺបង្កើនប្រសិទ្ធភាព និងជួយសង្គ្រោះអ្នកជំងឺ»៕








