សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កាលពី ៣ ថ្ងៃមុន ឧបការីរបស់ទូតអាមេរិកប្រចាំកម្ពុជា បានមកជួបសម្តេចជាបន្ទាន់។ ឧបការីរូបនោះបានជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយជាមួយភាគីថៃ រួចរាល់ហើយ ដោយស្នើឱ្យថៃបញ្ឈប់រាល់សកម្មភាពណាដែលបង្កើនកម្តៅ វាតទីយកទឹកដីកម្ពុជា និងត្រូវគោរពអនុវត្តតាមកិច្ចព្រមព្រៀង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នៅព្រឹកថ្ងៃពុធ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះនៅ OCIC។
សម្ដេចធិបតី បានទម្លាយថា៖«កាលពី ៣ ថ្ងៃមុន ឧបការីរបស់ទូតអាមេរិកប្រចាំកម្ពុជា បានមកជួប ខ្ញុំជាបន្ទាន់។ ឧបការីរូបនោះបានជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយជាមួយភាគីថៃ រួចរាល់ហើយ ដោយស្នើឱ្យថៃបញ្ឈប់រាល់សកម្មភាពណាដែលបង្កើនកម្តៅ វាតទីយកទឹកដីកម្ពុជា និងត្រូវគោរពអនុវត្តតាមកិច្ចព្រមព្រៀង»។
ភ្លាមៗបន្ទាប់ពីទទួលបានការប្រាប់ព៌តមាន និងការស្នើសុំពីភាគីអាមេរិកកុំឱ្យកម្ពុជាធ្វើសកម្មភាពបង្កើនកម្តៅដែរនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញភ្លាមថា «កម្ពុជាមិនដែលបង្កើនកម្តៅទេ និងបានបង្ហាញការអត់ធ្មត់ខ្ពស់បំផុតកន្លងមក»។
សម្ដេចធិបតីបានបន្តថា សម្ដេចក៏បានស្នើឱ្យភាគីអាមេរិក ជួយជំរុញឱ្យភាគីថៃងាកមកវាស់វែង និងដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) ឱ្យបានច្បាស់លាស់វិញ។
សូមជម្រាបថា ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានប្រាប់ទៅ ឧបការីទូតអាមេរិកផងដែរថា កម្ពុជាមានការអត់ធ្មត់ខ្លាំងណាស់ ហើយកម្ពុជាពុំដែលបង្កើនកម្តៅអ្វីមួយជាមួយនឹងថៃនោះទេ។ ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ គឺមិនបានលះបង់ចោលនោះទេ ខណៈ យន្តការដោះស្រាយតាមការទូត យន្តការដោះស្រាយតាមផ្លូវច្បាប់រហូតលេងផ្លូវទឹកនៅ UNCLOS នៅពេលដែលយន្តការទ្វេភាគីវាអត់រួច។
យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគផងដែរ ខណៈរាជរដ្ឋាភិបាលប្រើប្រាស់ច្បាប់ការទូតនេះត្រូវប្រើរយៈពេលវែងក៏ពិតមែន ប៉ុន្តែវាអាចបញ្ចប់ដោយសន្តិវិធី ហើយប្រសិនបើយើងច្បាំងគ្នាវានឹងមិនងាយចប់នោះឡើយ វានឹងវាយមកវាយទៅ នឹងធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើនតែប៉ុណ្ណោះ៕
