ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យភាគីបារាំងជួយសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀតនៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឱ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប ដែលការស្នើសុំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង ប្រាប់ភាគីបារាំងថា អង្គការ jica របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាច្រើនកន្លែង ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញមិនទាន់មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ ឯកឧត្តមស្នើសុំឱ្យបារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឱ្យអ្នកជំនាន់ក្រោយបានប្រើប្រាស់ និងដោះស្រាយនៅពេលអនាគត ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី។
បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ
ដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែងខុសពីពេលកន្លងទៅដាច់ស្រឡះតែម្តង ហើយបច្ចុប្បន្ន ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះ ។ ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោក ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញ ដែលត្រូវបោះឆ្នោត។
ក្នុងឱកាសជំនួបពិភាក្សានេះដែរ លោក ហ្សាក់ ប៉ឺឡេ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិឱ្យមកដើរកំសាន្តនៅរាជធានីភ្នំពេញ។ បន្ថែមពីនេះលោក បានលើកឡើងពីគម្រោងសិក្សាកសាងផ្លូវរថភ្លើងល្បឿនលឿននៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល១០ ឆ្នាំហើយ៕អត្ថបទ ៖ ប្រាក់ វាន់ដា





