ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ចាប់ដំណើរការពីថ្ងៃទី៧ ខែតុលានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមការប៉ាន់ស្មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចមកចុះឈ្មោះបោះឆ្នោត មានចំនួនជាង ៤សែននាក់។

ក្នុងពេលចុះពិនិត្យទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំក្រាំធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថា ការបោះឆ្នោតនៅកម្ពុជា៤ដំណាក់កាល ដែលក្នុងនោះរួមមាន៖ទី១.ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីកសាងបញ្ជីឈ្មោះបោះឆ្នោត ទី២.ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ ទី៣.ឃោសនាបោះឆ្នោត និងទី៤.បោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោត។ ឯកឧត្តមបន្តថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតនៅឆ្នាំ២០២៦នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ២០២៦ សំរាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧។ បន្ថែមលើនេះ ឯកឧត្តមក៏អំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយគិតចាប់ពីអាយុ១៨ឆ្នាំឡើងទៅ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា និងពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅឆ្នាំ២០១៦ និង២០១៧ សូមអញ្ជើញទៅធ្វើជីវមាត្រ។ ការធ្វើជីវមាត្រនេះ មានសារៈសំខាន់ណាស់ក្នុងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត ដែលមានការប្រែប្រួលរូបរាង ស្នាមខ្ចៅដៃ និងមុខជាដើម។
ក្រុមយុវជនបានឲ្យដឹងដែរថា ថ្ងៃនេះពួកខ្ញុំមកចុះឈ្មោះបោះឆ្នោត ក្នុងគោលបំណងបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងមានសិទ្ធិបោះឆ្នោតនៅឆ្នាំក្រោយ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។ ក្រុមយុវជនទាំងនោះបន្តថា មុនមកចុះឈ្មោះបោះឆ្នោត មានឪពុកម្តាយ និងអាជ្ញាធរមូលដ្ឋានបានចុះផ្សព្វផ្សាយ និងជំរុញឱ្យពួកខ្ញុំមកចុះឈ្មោះបោះឆ្នោត។
ការិយាល័យចុះឈ្មោះបោះឆ្នោត នៃឃុំសង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេសកម្ពុជា បានបើកដំណើរការព្រមៗគ្នានៅតាមសាលាឃុំ សង្កាត់ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទោះបីភូមិសាស្រ្តខ្លះនៃឃុំ សង្កាត់មួយចំនួនទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងក៏ដោយ។
គួរបញ្ជាក់ដែរថា នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺមានរយៈពេល ៥៥ថ្ងៃ ដោយចាប់ដំណើរការពីថ្ងៃទី៧ ខែតុលានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ។ ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចទៅចុះឈ្មោះនៅតាមឃុំសង្កាត់ក្នុងមូលដ្ឋានរស់នៅដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត៕








