រាជធានីភ្នំពេញ ៖ នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ការផ្តល់ពាក្យជូនពលរដ្ឋខ្មែរទាំង២ភេទចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ នឹងត្រូវបានបញ្ចប់ ខណៈថ្ងៃនេះយុវជនបន្តទៅទទួលពាក្យជាបន្តបន្ទាប់ ។
គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ មានរយៈពេល៧ថ្ងៃហើយ នៃដំណើរការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុពី១៨ ដល់២៥ឆ្នាំ ស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ដែលការផ្តល់៦ថ្ងៃកន្លងមក ក៏មានយុវជន យុវនារីជាបន្តបន្ទាប់ បាននាំគ្នាទៅស្នើសុំទទួលពាក្យចូលកាតព្វកិច្ច នៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ។
អនុវត្តតាមស្មារតីដឹកនាំ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រីកងរាជអាវុធហត្ថក្រោមឱវាទ បានបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការរៀបចំទទួល ផ្តល់ព័ត៌មាន និងផ្តល់ពាក្យជូនយុវជន យុវនារី គ្រប់អាយុកំណត់ទាំង២ភេទ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ។
ក្នុង៦ថ្ងៃកន្លងមកនេះ គ្រាដែលយុវជន យុវនារីដែលបានទៅទទួលពាក្យ លោកវរសេនីយ៍ឯកមេបញ្ជាការ ក៏បានសំណេះសំណាល ផ្តល់ជាកម្លាំងចិត្ត និងលើកទឹកចិត្តដល់ក្មួយៗ ដែលមានឆន្ទៈមុតមាំ ក្លាហាន ជាមួយការចូលរួមជាមួយវិស័យការពារប្រទេស ដើម្បីការពារជាតិ ពីការបងឈ្លានពានពីសំណាក់រដ្ឋបរទេសណាមួយមកលើអាធិបតេយ្យភាពបូរណភាពទឹកដីរបស់កម្ពុជា ។
យុវជន សម្តែងក្តីពេញចិត្តចំពោះការចូលបំពេញកាតព្វកិច្ចដោយស្ម័គ្រចិត្ត ដោយពួកគេយល់ថា ការការពារជាតិដោយយុវជនបន្តវេន គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ព្រោះជាតិ គឺជាអត្តសញ្ញាណ នៃយើងគ្រប់គ្នា ។
អាណាព្យាបាលយុវជនស្ម័គ្រ គាំទ្រ និងពេញចិត្តច្បាប់កាតព្វកិច្ចយោធា ដែលបានបើកឱកាសយ៉ាងទូលាយសម្រាប់កូនរបស់គាត់ ក៏ដូចជាយុវជនទូទៅទាំងអស់ អាចចូលបម្រើជាមួយវិស័យការពារប្រទេសជាតិ ។ ក្នុងនាមជាឪពុក មានតែការជម្រុញ និងលើកទឹកចិត្តកូនឲ្យចូលបំពេញកាតព្វកិច្ច ដើម្បីលត់ដំពង្រឹងសមត្ថភាព ដើម្បីភាពរីកចម្រើនខ្លួនឯងផង និងដើម្បីជាតិផង ។
គួរបញ្ជាក់ថា ការផ្តល់ពាក្យ សម្រាប់ការចូលបំពេញកាតព្វកិច្ចយោធា គឺធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ រៀងរាល់ម៉ោងធ្វើការ ទាំងពេលព្រឹក និងពេលថ្ងៃ ដោយពុំគិតថ្ងៃអាទិត្យនោះឡើយ ។ ហើយការទទួលពាក្យវិញ គឺធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពេលផ្តល់ពាក្យត្រឡប់ទៅមូលដ្ឋានកងរាជអាវុធហត្ថវិញ ពលរដ្ឋគ្រប់អាយុទាំង២ភេទ ត្រូវភ្ជាប់ទៅជាមួយឯកសារ៣ គឺ អត្តសញ្ញាបណ្ណ , សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើតដែលបញ្ជាក់ពីរដ្ឋបាលឃុំសង្កាត់ ៕ លីហេង





