ភ្នំពេញ៖ គណៈប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជន នៃបណ្តាប្រទេសអាស៊ាន (VECONAC) បានកោតសរសើរពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងការរក្សាបាននូវស្ថិរភាពនយោបាយ មានប្រជាជនរួសរាយរាក់ទាក់ និងមានភាពស្រស់ស្អាត និងជាទីពេញចិត្ត និងបានលើកទឹកចិត្តឲ្យអ្នកទេសចរណ៍មកលេងកម្ពុជា។
លោក Col Ramli Abdul Hadis ប្រធានប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជនប្រទេសព្រុយណេ បានថ្លែងថា បន្ទាប់ពីបានទស្សនកិច្ចនៅរាជធានីភ្នំពេញ ក៏ដូចជាផ្សារធំថ្មី មានលក់របស់របរល្អ និងផលិតផលល្អតម្លៃសមរម្យ។ ហើយឃើញថាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនខ្លាំង និងសូមឲ្យភ្ញៀវទេសចរមកលេងកម្ពុជា។ កម្ពុជាមានស្ថិរភាពនយោបាយ និងមានប្រជាជនរួសរាយរាក់ទាក់ និងមានភាពស្រស់ស្អាត និងជាទីពេញចិត្ត សម្រាប់រូបលោក និងភ្ញៀវទេសចរផ្សេងៗទៀត។
ចំណែកលោក Raul Roldan អ្នកសង្កេតការណ៍នៃមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ បានថ្លែងថា នេះជាលើកទីមួយហើយដែលលោកបានមកទស្សនារាជធានីភ្នំពេញ ដែលគួរឲ្យចាប់អារម្មណ៍ ហើយល្បីល្បាញខ្លាំងនៅក្នុងចំណោមភ្ញៀវទេសចរ។ ហើយលោកពិតជាមានការសប្បាយរីករាយដែលមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ដែលបានប្រារព្ធធ្វើនៅប្រទេសកម្ពុជា។ ហើយបានធ្វើឲ្យលោក និងគណៈប្រតិភូបានធ្វើដំណើរជុំវិញរាជធានីភ្នំពេញ និងបានដើរទស្សនានៅផ្សារធំថ្មីដែលរៀបចំបានយ៉ាងល្អ។ លោកក៏បានលើកទឹកចិត្តឲ្យភ្ញៀវបរទេសមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
គណប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន (VECONAC) បានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាថ្នាក់ដឹកនាំដ៏ល្អមួយរូប ធ្វើឲ្យប្រទេសកម្ពុជាលែងមានសង្គ្រាម និងលែងមានការបង្ហូរឈាម និងធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ ការកោតសរសើរនេះ បន្ទាប់ពីគណៈប្រតិភូសមាជិកសហព័ន្ធអតីតយុទ្ធជននៃបណ្តា ប្រទេសអាស៊ាន បានអញ្ជើញទៅទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦៕






