ក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបន្ដភាពខ្លាំងរបស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិក ដោយត្រឹមរយៈពេល ២ថ្ងៃ គិតត្រឹមថ្ងៃទី៨ ខែតុលានេះ បានដណ្ដើមមេដាយសរុប ៣គ្រឿងជូនជាតិ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series ជុំទី២ ឆ្នាំ២០២៦ ។ នេះបើតាមការបញ្ជាក់របស់វីរកីឡាករ សាលី អ៊ូមើត អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមផ្ទាល់។
ជាមួយបេសកកម្មប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក លើទឹកដីអាមេរិកនេះ កម្ពុជាបានបញ្ជូនកីឡាករ ៦រូបចូលរួម គឺមានកីឡាករ សាលី អ៊ូមើត, សាលី ហ្វីលីន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, មីន មូសស្តាន់ និង ទៀត សាលេះ ដែលធ្វើការប្រកួតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលាខាងមុខ ដោយមានកីឡាករល្បីៗឆ្នើមៗជុំវិញពិភពលោកចូលរួម។
ត្រឹមរយៈពេល ២ថ្ងៃបន្ទាប់ពីការប្រកួតចាប់ផ្ដើម ក្រុមកីឡាករកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១។ ។ សម្រាប់មេដាយមាស គឺរកបានដោយកីឡាករ សាលី ហ្វីលីន លេីវិញ្ញាសារ Amateur Runabout 1100 Limited បន្ទាប់ពីរូបគេបានត្រឡប់មកចូលរួមការប្រកួតជុំទី២ ក្រោយខកខានប្រកួតជុំទី១ នៅប្រទេសប៊ុលហ្គារី ដោយសារជាប់បេសកកម្មផ្ទាល់ខ្លួន។ រីឯមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ កៃ វ៉ាន់ស៊ីដែន លើវិញ្ញាសា Amateur Ski 4 Stroke Lites និងកីឡាករ ម៉ីន អូស្មាន់ ដែលឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Novice Ski Stock។
តាមការបញ្ជាក់បន្ថែមពីមន្ដ្រីជាន់ខ្ពស់សហព័ន្ធ និងជាកីឡាករផ្ទាល់លោក សាលី អ៊ូមើត បានឲ្យដឹងថា ក្រុមអត្តពលិកកម្ពុជា នៅសល់វិញ្ញាសាជាច្រើនទៀត ដែលត្រូវបន្ដការប្រកួតប្រជែង រហូតដល់ថ្ងៃទី១៣ ខែតុលា ហើយពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែង និងស្វែងរកមេដាយជូនជាតិមាតុភូមិបន្ថែមទៀត។
គួរដឹងថា សហរដ្ឋអាមេរិក បានទទួលធ្វើម្ចាស់ផ្ទះការប្រកួតជុំទី២ ប្រចាំទ្វីបអាមេរិក នៃព្រឹត្តិការណ៍ Jet Ski World Series 2026 បន្ទាប់ពីការប្រកួតប្រចាំទ្វីបអឺរ៉ុប ជុំទី១ ដែលបានរៀបចំនៅប្រទេសប៊ុលហ្គារី កាលពីខែកក្កដ
មុនបន្ដការប្រកួតជុំទី៣ ប្រចាំទ្វីបអាស៊ី នាខែមករា ឆ្នាំ២០២៧ ខាងមុខ។ កាលពីជុំទី១ ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស ៥ និងប្រាក់២៕ អត្ថបទ លី ឈុនឡា






