គណៈប្រតិភូលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យបឹងព្រះ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង ចំនួន២០០នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ។
យោធិនអង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្ដៅ និងមានការធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូអំពីប្រវត្តិសាស្ត្រនៃដំណើរជាតិកម្ពុជា ពិសេសដំណើរការសង្រ្គោះជាតិ ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ សិស្សានុសិស្សក៏បានសិក្សាអំពីអត្ថន័យ និងបុព្វហេតុនៃការសាងសង់វិមានឈ្នះ ឈ្នះ តាមរយៈចម្លាក់ សិលាចារឹក រូបភាព និងជាពិសេសសារមន្ទីរតេជោសន្តិភាពដែលជាការដាក់បង្ហាញជាតឹកតាង។
ដំណើរទស្សនកិច្ចបានបញ្ចប់ដោយរលូន ដោយសិស្សានុសិស្សបានសម្តែងនូវសេចក្តីសោមន្សរីករាយក្នុងការទស្សនាស្ថាបត្យកម្មដ៏មានអត្ថន័យ ពិសេសការដឹងគុណចំពោះវីរៈដឹកនាំក្នុងការបញ្ចប់សង្រ្គាមរបស់ថ្នាក់ដឹកនាំកម្ពុជា ជាគំរូដ៏វិសេសវិសាលសម្រាប់ពួកគេជាយុវជនជំនាន់ក្រោយ៕









