បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Paris Saint-Germain ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមត្រលប់ទៅកាន់ Barcelona វិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TNT Sports Brasil។

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះជាមួយក្រុមម្ចាស់ជើងឯកបារាំង នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ តែអតីតខ្សែប្រយុទ្ធ Barcelona រូបនេះធ្លាប់បង្ហើបហើយថា ចង់នៅជាមួយ PSG រយៈពេលវែងទៅមុខទៀត។ Neymar បានចុះកិច្ចសន្យាជាមួយ PSG ចាប់តាំងពីរដូវក្តៅឆ្នាំ២០១៧ នៅពេលមកដល់ក្នុងតម្លៃកំណត់ត្រាពិភពលោក ១៩៨លានផោន។ Neymar បានរងរបួសមួយចំនួន ដែលបានកាត់បន្ថយពេលវេលាលេងរបស់គេ។
ទោះជាយ៉ាងណាក៏ដោយ Neymar ធ្វើបានយ៉ាងល្អដោយមានគ្រាប់បាល់បញ្ចូលទី ៨៣គ្រាប់និងបញ្ជូន ៤៦លើកពីការបង្ហាញខ្លួនតែ ១០១លើកប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់។ Paris Saint Germain ក៏បានឈានចូលវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ផងដែរ ដោយពួកគេនឹងត្រូវជួបគូសត្រូវចាស់ នៅវគ្គផ្ដាច់ព្រ័ត្ររដូវកាលមុន Bayern Munich៕
អត្ថបទ៖នាង សុភាវុធ