នៅព្រឹកព្រលឹមថ្ងៃនេះ រថយន្ដក្រុងសាធារណៈរបស់រដ្ឋបានចាប់ផ្ដើមចេញដំណើរដឹកប្រជាពលរដ្ឋចេញពីភ្នំពេញទៅតាមបណ្ដាខេត្តនានាដោយមិនបង់ប្រាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
រថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមចេញដំណើរដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់ពីគោលដៅនីមួយៗក្នុងរាជធានីភ្នំពេញទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ៦០០គ្រឿង ក្នុងនោះរថយន្តក្រុង ១០០គ្រឿង សម្រាប់ដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញ និង៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ កម្មករទៅលេងស្រុកកំណើត បានជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្យនេះ។
ប្រជាពលរដ្ឋដែលមកជិះរថយន្តក្រុងដោយមិនបង់ប្រាក់ បានសម្ដែងក្ដីរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្ដល់រថយន្តក្រុងឱ្យប្រជាពលរដ្ឋ និងកម្មករបានជិះដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព និងផាសុកភាព ហើយមានផ្ដល់ភេសជ្ជៈថែមទៀត ។
ឯកឧត្ដម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពេលវេលានេះគឺល្អណាស់សម្រាប់កម្មករ កម្មការី ដែលទើបទទួលបានប្រាក់ខែ ហើយបានជិះរថយន្តក្រុងដោយមិនបង់ប្រាក់ថែមទៀត ។
ជាមួយការផ្ដល់រថយន្តក្រុងរបស់រដ្ឋជិះដោយមិនបង់ប្រាក់នេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូនឱ្យនៅដដែល ដោយពុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ការចំណាយ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







