ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើង នៅក្នុងជំនួបបើកឆាកពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកក្លិបអាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៦/២៧ បន្ទាប់ពីរងបរាជ័យ ០-៦ ទល់ក្រុមម្ចាស់ផ្ទះ Johor Darul Ta'zim របស់ម៉ាឡេស៊ី កាលពីរាត្រីថ្ងៃទី៨ តុលា ឆ្នាំ២០២៦ នៅនៅឡដ្ឋាន Sultan Ibrahim។
ក្នុងការប្រកួតក្រៅដីនេះ ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមយ៉ាងរស់រើសគួរឲ្យកត់សម្គាល់ នៅដើមវគ្គទី១ ដោយមានឱកាសវាយបកគ្នាទៅវិញទៅមក មុនក្រុមម្ចាស់ផ្ទះ Johor Darul Ta'zim បានគ្រប់គ្រង និងដាក់សម្ពាធខ្លាំង រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់ ទោះបីមានការសង្គ្រោះបាល់បានយ៉ាងល្អជាច្រើនពីអ្នកចាំទី វីរៈ ដារ៉ា យ៉ាងណាក្ដី។
ជាមួយការរបូត ៣ពិន្ទុ ក្នុងលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះ ក៏ព្រះខ័នរាជស្វាយរៀង មិនទាន់អស់សង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដដែរ ដ្បិតនៅសល់ការប្រកួតជាច្រើនទៀត ក្នុងចំណោមបេក្ខភាព ៧ក្រុមក្នុងពូលB ដែលត្រូវប្រកួតវិលជុំ ១ជើង ដើម្បីកំណត់យកក្រុមលេខ១ ដល់លេខ៤ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។
គួរដឹងថា ការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2026/27 ក្លិបព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូលB ជាមួយក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្លិប Lion City Sailors របស់សិង្ហបុរី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Shan United របស់មីយ៉ាន់ម៉ា និងក្លិប Port របស់ថៃ ហើយប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម Port នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ៕ អត្ថបទ លី ឈុនឡា






