នេះមិនមែនជាលើកទីមួយនោះទេ ដែលសេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃត្រូវបានដាក់ចេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញ តែងតែបន្តផ្តល់ជូនជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទានធំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយជូនប្រជាពលរដ្ឋ។

គិតក្នុងថ្ងៃទី១ នៃការដាក់ឱ្យដំណើរការរថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី៩ ខែតុលានេះ សង្កេតឃើញមានវត្តមានរថយន្តក្រុងសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានដាក់ពង្រាយ និងកំពុងដំណើរការយ៉ាងសកម្មក្នុងការដឹកជញ្ជូនអ្នកដំណើរឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗគ្នា។ ជាក់ស្តែង ទិដ្ឋភាពស្ថិតនៅទីតាំងផ្លូវ២០០៤ ម្តុំទ័ពអាកាសនេះមានភាពមមាញឹក និងកុះករយ៉ាងខ្លាំង ដោយមានប្រជាពលរដ្ឋ និងកម្មករនិយោជិតយ៉ាងច្រើនសម្រុកមកទទួលសេវារថយន្តក្រុងឥតគិតថ្លៃនេះ។
ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលកំពុងរង់ចាំចេញដំណើរទៅកាន់គោលផ្សេងៗគ្នា បានសម្តែងនូវក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តផ្តល់ជូននូវសេវាកម្មដ៏មានតម្លៃនេះ។ ក្រុមប្រជាពលរដ្ឋបានចែករំលែកបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន និងបានបញ្ជាក់ដូចៗគ្នាទៀតថា ការផ្តល់សេវាឥតគិតថ្លៃនេះ ពិតជាបានជួយសម្រាលបន្ទុក និងកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយចំណែកធំ ខណៈដែលតម្រូវការចំណាយក្នុងរដូវបុណ្យទានមានការកើនឡើង។ ហើយថវិកាដែលសន្សំបានពីថ្លៃធ្វើដំណើរនេះ ពួកគាត់នឹងយកទៅប្រើប្រាស់លើការធ្វើបុណ្យទាន និងចំណាយផ្សេងទៀតជាដើម។
ការដាក់ឱ្យប្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ទៀតថា ការផ្តល់ និងទទួលសេវាខាងលើនេះ មិនតម្រូវឱ្យប្រជាពលរដ្ឋមានការចុះឈ្មោះជាមុន ឬបង្ហាញអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗឡើយ ពោលគឺ ប្រជាពលរដ្ឋអាចអញ្ជើញមកជិះដើម្បីធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី




