ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធទូរស័ព្ទ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា៖ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានជួបជាមួយសម្តេចជាថ្មីបន្ទាប់ពីបានជួបកាលពីខែមិថុនាឆ្នាំ ២០២០តាមរយ:វីដេអូដូចគ្នា។
នៅក្នុងជំនួបសម្ដេចបានគូសបញ្ជាក់ អំពីការ បង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌាតាំងពីឆ្នាំ១៩៨១ បន្ទាប់ពីមានការអាក់ខាន ដោយសាររបបខ្មែរក្រហម ហើយឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងឡើងវិញនោះ។ គិតដល់ឆ្នាំ ២០២២នេះគឺជាខួប៧០ឆ្នាំនៃ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា។
ដើម្បីប្រារព្ធខួបទី៧០នៃទំនាក់ទំនងទ្វេភាគីនេះប្រទេសទាំងពីរបានឯកភាពត្រៀមធ្វើបញ្ជីរួមគ្នាដើម្បីអបអរសាទរ ខួបទំនាក់ទំនងការទូត ក្នុងស្មារតី សាមគ្គីភាព និងកិច្ចសហការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២។
ជាមួយនឹងការចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់បងប្រុសរបស់សម្តេច គឺសម្តេចទេពញាណ ហ៊ុន ណេង នោះនាយករដ្ឋមន្ដ្រីឥណ្ឌា បានបញ្ជាក់ថាឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងយូរលង់មកហើយតាំងពីសម័យបុរាណមកម្ល៉េះជាពិសេសប្រទេសទាំងពីរមានកទំនាក់ទំនង ផ្នែកវប្បធម៌ដោយស៊ីវីល័យ ជាពិសេសបានឆ្លុះបញ្ចាំងនៅប្រាសាទអង្គរវត្តជាដើម។
ឯកឧត្តម បានគូសបញ្ជាក់ថាជាមោទនភាពរបស់ឥណ្ឌាដែលបានបន្តជួយដល់កម្ពុជារហូតមកដល់ពេលនេះហើយឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២។
ឯកឧត្តមគូសបញ្ជាក់ថា៖ក្នុងគោលនយោបាយឆ្ពោះទៅខាងកើតប្រទេសឥណ្ឌានោះឥណ្ឌាជាដៃគូសំខាន់។
សម្តេច ក៏បានអរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាដែលបានចូលរួម អបអរសាទរហើយគូសបញ្ជាក់ថា៖ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងកើតប្រទេសឥណ្ឌានោះ គឺជាគោលនយោបាយត្រឹមត្រូវរបស់ អាស៊ានផងដែរដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសឥណ្ឌាដោយចាត់ទុកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ។
សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថាការពិភាក្សានេះទីមួយ ចង់ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងកូវីដ១៩ហើយក៏បានសាទរឥណ្ឌាដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងប្រឆាំងនិងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ថ្វីត្បិតឥណ្ឌាមានប្រជាពលរដ្ឋដ៏ច្រើន។
សម្ដេច ក៏បានអរគុណឥណ្ឌាដែលបានផ្ដល់វ៉ាក់សាំងកូវីសែលជួយដល់កម្ពុជា ដែលបានទទួលនៅថ្ងៃទី១២ ខែមេសា ២០២២ជាង ៣២ម៉ឺន ៥ពាន់ដូស។
តាមរយៈ វ៉ាក់សាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមធ្វើឲ្យកម្ពុជាទទួលបានជោគជ័យដែលរហូតមកដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង៩៣ភាគរយនៃចំនួនប្រជាជន ១៦លាននាក់ ដែលនេះ ក៏ដោយសារការចូលរួមចំណែកពីឥណ្ឌាផងដែរដែលធ្វើឱ្យកម្ពុជាបានបើកប្រទេសឡើងវិញពីថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ ២០២១។
សម្ដេចតេជោក៏បានគូសបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាពិសេស វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសឥណ្ឌានិងបណ្ដាប្រទេសដទៃទៀតហើយសម្ដេចក៏បានគូសបញ្ជាក់ថាមកដល់ពេលនេះរយៈពេល ១១ថ្ងៃផ្តួនគ្នា ដែលប្រទេសកម្ពុជាមិនមានករណីឆ្លងកូវីដ១៩។
សម្ដេច ក៏បានអរគុណនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានគាំទ្រការប្រយុទ្ធប្រឆាំងកូវីដ១៩ដល់កម្ពុជា ហើយក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីវាងប្រទេសទាំងពីរដោយបានគ្រប់ដណ្ដប់លើវិស័យជាច្រើនព្រមទាំងខាងវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌ ជាពិសេសគឺក្នុងការជំរុញវិស័យទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌាក៏បញ្ជាក់ថា៖ឥឡូវនេះភាគីទាំងពីរកម្ពុជា ឥណ្ឌា កំពុងតែស្វែងរកការសម្របសម្រួលដើម្បីព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាយាងទៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២៣ហើយ សម្តេចក៏បានគូសបញ្ជាក់អំពី ទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកទៅទស្សនកិច្ចនៅឥណ្ឌាក្នុងឆ្នាំ ២០២២នេះដើម្បីចូលរួមពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសការប្រារព្ធខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចក៏អរគុណឥណ្ឌាដែលបានផ្ដល់អណ្ដូងទឹកប្រមាណ ១ពាន់៥០០អណ្តូង ក៏ដូចជាឥណទាននិងជំនួយផ្សេងៗទៀតដល់ប្រទេសកម្ពុជា។
អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទោះបីមានការធ្លាក់ចុះសម័យកូវីដ ប៉ុន្តែឆ្នាំ២០២១មានការកើនឡើងប្រមាណ ៣០០ លានដុល្លារហើយសម្ដេចបានស្នើ២ចំណុចទៅកាន់ភាគីឥណ្ឌាទីមួយ. ជំរុញបញ្ចប់នីតិវិធីបច្ចេកទេស ឲ្យបានឆាប់ ដើម្បីពន្លឿនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ឥណ្ឌានិងពន្លឿនការចរចាដើម្បីបញ្ចប់សន្ធិសញ្ញាវិនិយោគ រវាងកម្ពុជា ឥណ្ឌាដើម្បីឈានទៅចុះហត្ថលេខាឱ្យបានឆាប់។
លើសពីនេះទៀត សម្ដេចក៏បានលើកពីវិស័យទេសចរណ៍ដោយបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញនិងទៅកាន់ខេត្តសៀមរាប ជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍កើនឡើងរវាងប្រទេសទាំងពីរ ជាពិសេស ដោយសារកម្ពុជាឥឡូវនេះមានការបើកចំហទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួច។ កិច្ចសហការទ្វេភាគី សម្ដេចបានមានប្រសាសន៍ថា៖ក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ានឥណ្ឌានោះកម្ពុជាស្វាគមន៍នឹងកំណត់យកឆ្នាំ ២០២២ជាឆ្នាំមិត្តភាពអាស៊ានឥណ្ឌាដែលបានឯកភាពគ្នាដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី ១៨ក្នុងឆ្នាំ ២០២១កន្លងទៅ ជាពិសេសដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានឥណ្ឌាកន្លងទៅ ហើយកម្ពុជាកំពុងរង់ចាំក្នុងការប្រារព្ធដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ សម្ដេចក៏បានបញ្ជាក់ពីសារៈសំខាន់នៃគម្រោងផ្លូវល្បឿនលឿនត្រីភាគីឥណ្ឌា មីយ៉ាន់ម៉ា ថៃនិងការពង្រីកមកកាន់ប្រទេសកម្ពុជាឡាវនិងវៀតណាមផងដែរ។
សម្ដេច បានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានមួយលានដុល្លារដល់មូលនិធិអាស៊ានឆ្លើយតបកូវីដ១៩ហើយកម្ពុជាសុំលើកទឹកចិត្ត ឥណ្ឌាដលការគាំទ្រប្រព័ន្ធសុខាភិបាលជាតិកម្ពុជាជាពិសេសការកសាងសមត្ថភាពសម្រាប់អ្នកជំនាញសុខាភិបាលផងដែរ។
សម្ដេច ក៏អរគុណឥណ្ឌាចំពោះជំនួយដល់កម្ពុជាតាមរយៈគម្រោងទទួលផលឆាប់រហ័សក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ - គង្គាលើវិស័យកសិកម្ម បរិស្ថាន អភិវឌ្ឍន៍ជនបទ អប់រំ ការលើកកម្ពស់សិទ្ធិស្ត្រីនិងវប្បធម៌សម្រាប់បណ្តាឆ្នាំខាងមុខ។
សម្ដេចក៏បានគូសបញ្ជាក់ពីការងារដែលកម្ពុជាបានធ្វើក្នុងនាមជាប្រធានអាស៊ាន ជាពិសេសក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ។
ឯកឧត្ដម នាយករដ្ឋមន្ត្រីឥណ្ឌា បានសម្ដែងការរីករាយថាអ្វីដែលឥណ្ឌាបានជួយកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំង កម្ពុជាជាប្រទេសទី១ហើយក្នុងក្របខ័ណ្ឌដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌាហើយឯកឧត្តមក៏បានបញ្ជាក់ថា៖ពិតជារីករាយណាស់ដែលឮថាកម្ពុជាមិនមានឆ្លងកូវីដមានរយៈពេល១១ថ្ងៃមកហើយគឺពិតជាល្អខ្លាំងណាស់។ឯកឧត្តមបានបញ្ជាក់ថាឥណ្ឌាបានខិតខំជំរុញជួយប្រជាពលរដ្ឋខ្លួនឯងផងនិងជួយដល់មនុស្សនៅក្នុងសកលលោកផង។មកដល់ពេលនេះឥណ្ឌាបានជួយផ្ដល់វ៉ាក់សាំងដល់ប្រមាណជាង ១០០ប្រទេសហើយៗសម្រាប់ប្រទេសកម្ពុជាឥណ្ឌាក៏បានចូលរួមបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋាភិបាលជាង២ពាន់នាក់។រដ្ឋាភិបាលឥណ្ឌានឹងផ្ដល់អាហារូបករណ៍ចំនួន ១០០០កន្លែងទៀត ដល់កម្ពុជាសម្រាប់វិស័យអាយធី និងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីបណ្ដាប្រទេសអាស៊ានផងដែរ។ឯកឧត្តម ក៏បានគូសបញ្ជាក់ថាឯកឧត្តមពិតជារីករាយដែលឯកឧត្តម ប្រធានសភាសភាឥណ្ឌាទស្សនកិច្ចនៅប្រទេសកម្ពុជាដោយជោគជ័យហើយសង្ឃឹមថានឹងមានឱកាសក្នុងការទទួលស្វាគមន៍ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជានិងសម្តេចម៉ែយាងទៅទស្សនកិច្ចនៅប្រទេសឥណ្ឌានៅពេលខាងមុខ។ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌាក៏បានមានប្រសាសន៍ថានឹងជំរុញ កិច្ចសហការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ហើយឯកឧត្តមបន្តទៀតថា៖មកដល់ពេលនេះឥណ្ឌា ក៏បានជំរុញកិច្ចសហការជាច្រើនជាមួយបណ្ដាលប្រទេសផ្សេងៗលើវិស័យការពារជាតិនេះហើយក៏ចង់ឃើញថាប្រទេសឥណ្ឌានិងអាស៊ាននិងដំឡើងពី ដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយហើយក៏បានគូសបញ្ជាក់អំពីគម្រោងផ្លូវហាយវ៉េត្រីភាគីពីឥណ្ឌា មីយ៉ាន់ម៉ា ថៃនិងបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជាតាមរយៈគម្រោងសមស្របជាមួយនឹងផែនការមេក្នុងការតភ្ជាប់អាស៊ានហើយឯកឧត្តមបានគូសបញ្ជាក់ថាឥណ្ឌានិងផ្ដល់ឥណទានចំនួន ១ពាន់លានដុល្លារសម្រាប់ប្រទេសកម្ពុជាសម្រាប់សម្រាប់កិច្ចប្រតិបត្តិការមេគង្គ គង្គារ។ឯកឧត្តមបញ្ជាក់ថា៖កម្ពុជាអាចទទួលប្រយោជន៍ពីគម្រោងឆាប់រហ័ស តាមរយៈអាហារូបករណ៍ផងដែរ ។
ឯកឧត្តម ក៏បានអរគុណកម្ពុជាដែលគាំទ្រឥណ្ឌាជាបេក្ខភាពសមាជិកអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
ឯកឧត្តមក៏បានគូសបញ្ជាក់ថាឯកឧត្តមពិតជាគាំទ្រនូវតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា គាំទ្រមជ្ឈភាពអាស៊ាន និងការឯកភាពផ្ទៃក្នុងរបស់អាស៊ានដែលជាកិច្ចការដ៏សំខាន់ ជាពិសេសឯកឧត្តម ក៏បានគូសបញ្ជាក់ថា ពីការព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះស្រាយរវាងរុស្ស៊ី អ៊ុយក្រែនដោយឯកឧត្ដមបានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងប្រធានាធិបតីអ៊ុយក្រែនកន្លងទៅនេះផងដែរ ដើម្បីធ្វើយ៉ាងណាស្ដារសកម្មភាពវិលមករកសន្តិភាពវិញ។
បញ្ហាសមុទ្រចិនខាងត្បូងឯកឧត្តមបានមានប្រសាសន៍ថាសមុទ្រចិនខាងត្បូងជាសមុទ្រដ៏មានសារៈសំខាន់ណាស់ជាពិសេសធ្វើយ៉ាងណាឲ្យមានការបើកចំហនិងផ្អែកទៅលើច្បាប់អន្តរជាតិ។
ឯកឧត្តមរំពឹងថានឹងអញ្ជើញមកទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។
សម្តេចក៏ជឿជាក់លើនាយករដ្ឋមន្ត្រីឥណ្ឌាថានឹងដើរតួនាទីក្នុងការចូលរួមរកដំណោះស្រាយបញ្ហារុស្ស៊ី អ៊ុយក្រែន ដើម្បីស្តារស្ថានភាពឡើងវិញហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយបញ្ហារុស្ស៊ី អ៊ុយក្រែន ឲ្យបានឆាប់៕



