កណ្តាល ៖ អនុប្រធានចល័តឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានអំពាវនាវដល់អាជ្ញាធរភូមិ-ឃុំ ត្រូវបន្តចុះអប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានញឹកញាប់ បន្ថែមទៀត ទាក់ទងនឹងវិធានការការពារមេរោគកូវីដ១៩ ជាពិសេសវិធានរបស់សម្តេចតេជោ «៣ការពារ និង៣កុំ»នេះ ខណៈវិធាននឹងមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការគេចផុតពីការឆ្លងរីករាលដាលមេរោគគូវីដ១៩ ចូលក្នុងសហគមន៍នោះ។
ថ្លែងនៅក្នុងពិធីប្រកាសតួនាទីមេភូមិថ្មី និងសំណេះសំណាលជាមួយប្រជាការពារភូមិ និងយុវជន ស.ស.យ.ក ឃុំព្រែកថ្មី ស្រុកកោះធំ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក ស៊ុន វុទ្ធី អនុប្រធានចល័តឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងភូមិចាមក្រោម បានលើកឡើងថា មេភូមិដែលទើបប្រកាសថ្មី ត្រូវខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសត្រូវចុះផ្សព្វផ្សាយឲ្យបានញឹកញាប់បំផុតទាក់នូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលទាក់ទងនឹងមេរោគកូវីដ១៩ ខណៈមេរោគនេះ បានកំពុងរីករាលដាលខ្លាំងនៅភ្នំពេញ និងតាមបណ្តាខេត្តនានា ដូចជា ខេត្តកណ្តាលយើងនេះដែរ។
ជាមួយគ្នានោះ លោកអនុប្រធានក្រុមការងារ ក៏បានសំណេះសំណាលជាមួយយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំព្រែកថ្មី ដោយប្អូនៗ ជាយុវជនស្ម័គ្រចិត្តមានតួនាទីយ៉ាងសំខាន់ក្នុងមូលដ្ឋាន ក្នុងការជួយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើយ៉ាងណាជួយផ្នែកប្រាជ្ញា ស្មារតី បណ្តុះ គំនិតយុវជនផ្សេងទៀត ដើម្បីជាការចូលរួមចំណែកជួយដល់សង្គមគ្រួសារ និងសង្គមជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្តទៀត ។ ពិសេសក្នុងដំណាក់កាលដែលប្រទេសកម្ពុជា កំពុងតែមានការរីករាលដាលនូវជំងឺកូវីដ-១៩ ទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ ប្អូនៗ ជាយុវជនទាំងអស់ ចូលរួមផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ៣កុំនិង៣ការពារ ដើម្បីជៀសឆ្ងាយ និងចូលរួមឱ្យជំងឺកាចសាហាវមួយនេះ ឆាប់រលាយបាត់ក្នុងពេលឆាប់ៗខាងមុខ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនាពេលនេះ អនុប្រធានចល័តឃុំព្រែកថ្មី បានឧបត្ថម្ភប្រជាការពារ ១៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូ ត្រីខ២យួរ ថវិកា៥ម៉ឺនរៀល យុវជន ស.ស.យ.ក ឃុំព្រែកថ្មី២៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល មេភូមិថ្មី-ចាស់ អនុភូមិ និងអ្នកចូលរួមទទួលបាន៥ម៉ឺនរៀលផងដែរ ៕
អត្ថបទ ៖ បាន ចក់



