បាល់ទាត់៖ ក្រុមបាល់ទាត់អាល្លឺម៉ង់ Eintracht Frankfurt បានយកឈ្នះក្រុមស្កុតឡេន Glasgow Rangers ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ដែលជាពានក្របខណ្ឌអឺរ៉ុបលើកដំបូងក្នុងរយៈពេល ៤២ឆ្នាំ។
Joe Aribo ជាអ្នករកបានគ្រាប់នាំមុខមុនសំរាប់ Rangers នៅនាទីទី៥៧ ក្នុងវគ្គទី២ តែក្រុមរបស់លោក Giovanni van Bronckhorst មិនអាចរក្សាការនាំមុខរហូតដល់ចប់បានឡើយ។ ក្រុមបាល់ទាត់អាល្លឺម៉ង់ដែលមិនដែលចាញ់សោះក្នុងរដូវកាលនេះនៅ Europa League, Eintracht Frankfurt ក៏តាមស្មើបានសំរេចនៅនាទីទី៧០ ដោយ Rafael Borre។ វគ្គ ១១ម៉ែត្រកាត់សេចក្តីអ្នកចាំទី Frankfurt, Kevin Trapp បានក្លាយជាតួឯកក្នុងការជួយសង្គ្រោះបាល់របស់អតីតខ្សែបម្រើ Arsenal, Aaron Ramsey ដែលជាគ្រាប់បាល់តែ ១គ្រាប់ក្នុងវគ្គ ១១ម៉ែត្រកាត់សេចក្តីដែលស៊ុតមិនចូល។
ជ័យជំនះនេះបានធ្វើឱ្យ Frankfurt ស្គាល់ពានក្របខណ្ឌអឺរ៉ុបលើកដំបូងតាំងពីឈ្នះចុងក្រោយនៅឆ្នាំ១៩៨០។ Frankfurt ក៏ជាក្រុមមកពីក្របខណ្ឌអាលឺ្លម៉ង់ Bundesliga ទីមួយដែលឈ្នះពាន UEFA Europa League នេះតាំងពីឆ្នាំ១៩៩៧ ដែល Schalke ឈ្នះពាន UEFA Cup ក្រោយយកឈ្នះ Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ