បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United គឺជាក្លិបដែលរងការខាតបង់ច្រើនជាងគេលើការវិនិយោគនៃការទិញដូរកីឡាកររយៈពេល ១០ឆ្នាំចុងក្រោយនេះ នេះបើតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវកីឡាអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។

ការសិក្សាបង្ហាញថា Manchester United បានចំណាយលុយទិញកីឡាករសរុប ១.៥៤៥ពាន់លាន់អឺរ៉ូ និងលក់ចេញវិញបានតែ ៤៧០លានអឺរ៉ូប៉ុណ្ណោះស្មើនឹងខាតបង់ជាង ១ពាន់លាន។ មិនត្រឹមតែ Manchester United ក្លិបនៅ Premier League ចំនួន ១៤ស្ថិតក្នុងបញ្ជីក្លិបទាំង ២០ ដែលខាតបង់ច្រើនជាងគេរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ Manchester United កាលពីឆ្នាំ២០១៦ បានទិញចូលមកវិញកីឡាករបារាំង Paul Pogba ក្នុងតំលៃ ៨៩.៥លានផោនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ខណៈកិច្ចសន្យារបស់កីឡាករបារាំងរូបនេះនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ។
ការទិញចូលសំខាន់ៗផ្សេងទៀតមានដូចជា Anthony Martial តំលៃ ៣៦លានផោន និង Donny van der Beek តំលៃ ៤០លានផោន ហើយកីឡាករទាំងពីរចំណាយពេលខ្ចីជើងនៅក្លិបផ្សេង។ ដោយឡែកសំរាប់ក្រុមជើងឯក English Premier League, Manchester City ឈរលេខ២ ក្នុងតារាងខាតចំនួន ៩៨៤លានអឺរ៉ូក្រោយចំណាយលុយទិញ ១.៦៩៩ពាន់លានអឺរ៉ូ លក់ចេញវិញបានតែ ៧១៥លានអឺរ៉ូ។ ក្លិបបារាំង Paris Saint Germain ឈរលេខ៣ ខាតចំនួន ៩១៥លានអឺរ៉ូ, Barcelona ឈរលេខ៤ ខាត ៦៥០លានអឺរ៉ូ និង Arsenal ឈរលេខ៥ ខាត ៥៨៣លានអឺរ៉ូ៕
អត្ថបទ៖នាង សុភាវុធ