យុវជននៅក្នុងខេត្តកណ្ដាល បង្ហាញឆន្ទៈមោះមុត ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងស្នូល ការពារអធិបតេយ្យជាតិ ការពារសន្ដិភាព និងប្រជាពលរដ្ឋ។

កញ្ញា សុង សោភា អាយុ ១៨ឆ្នាំ រស់នៅសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងពេលយកពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ថា កញ្ញាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦នេះ។ ហើយការជ្រើសស្ម័គ្រចិត្តចូលហ្វឹកហាត់យោធា ទី១ ព្រោះជាការងារដែលស្រឡាញ់តាំងពីតូច និងទី២ គឺការឈឺចាប់ ដែលយោធាថៃ ឈ្លានពានកម្ពុជា កាលពីឆ្នាំ២០២៥ សម្លាប់ពលរដ្ឋខ្មែរ និងឈ្លានពានចូលមកកាន់កាប់ទឹកដី កម្ពុជា ដោយបំពានច្បាប់។ កញ្ញា អះអាងថា ទោះបីជាខ្លួនជាស្រ្ដី តែការចូលបម្រើជាគឺមិនរុញរានោះឡើយ នឹងប្ដេជ្ញាហ្វឹកហាត់ឱ្យក្លាយជាកងទ័ពឆ្នើមដើម្បីការពារជាតិ។

លោក អឿន សុផារ៉ា ជាយុវជន រស់នៅសង្កាត់ព្រែកខ្សេវ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ថា លោកពេញចិត្ត ការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីហ្វឹកហាត់កាយសម្បទាឱ្យរឹងមាំ មានសមត្ថភាពការពារជាតិ និងប្រជាពលរដ្ឋ។ លោក អះអាងថា ជីវិតរបស់លោកមិនស្ដាយនឹងឈរជើងការពារប្រទេសជាតិនោះឡើយ ពីព្រោះការក្លាយជាកងទ័ព គឺជាកិត្តិយសដ៏ធំធេងសម្រាប់រូបលោក និងក្រុមគ្រួសារ។ ហើយនៅពេលបានជាប់ចូលហ្វឹកហាត់យោធា លោកនឹងខិតខំសិក្សាវិជ្ជាឱ្យច្បាស់លាស់។

អ្នកស្រី នី សោភ័ណ្ឌ ប្រជាពលរដ្ឋ រស់នៅសង្កាត់ រកាខ្ពស់ ដែលជូនកូនស្រី មកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា អះអាង ថា ជាម្ដាយមានមោទនភាព ចំពោះកូន ដែលមិនខ្លាចការលំបាក ហើយមានឆន្ទៈមោះមុតចូលហ្វឹកហាត់យោធា។ អ្នកស្រី ជឿជាក់ ថា កូននឹងក្លាយជាធនធានកងទ័ពដែលមានសមត្ថភាព ការពារជាតិ និងប្រជាពលរដ្ឋ។ អ្នកស្រី លើកទឹកចិត្តដល់យុវជនដែលបានទទួលពាក្យរួចហើយ ត្រៀមឯកសារឱ្យគ្រប់ចំនួន រួសរាន់យកពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធា មកដាក់ជូន គណៈកម្មាធិការកាតព្វកិច្ចយោធា។
លោកវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ កាតព្វកិច្ចយោធាមូលដ្ឋានក្រុងតាខ្មៅ បានឱ្យដឹង ថា មូលដ្ឋាន ក្រុងតាខ្មៅ របស់លោក យុវជន ដែលបានទទួលពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា មានចំនួន ១០៨នាក់ ស្រី ១៦នាក់។ ហើយគិតពីថ្ងៃទី១០ មកដល់ថ្ងៃទី១២ ខែតុលានេះ មានយុវជន យកពាក្យមកដាក់ជូន គណៈកម្មាធិការកាតព្វកិច្ចយោធា ចំនួន ៣៤នាក់ ស្រី ៨នាក់។
សូមជម្រាបជូន ថា ច្បាប់កាតព្វកិច្ចយោធា មានវិសាលភាពអនុវត្តន៍ចំពោះពលរដ្ឋខ្មែរ អាយុពី ១៨ ដល់ ២៥ឆ្នាំ សម្រាប់ស្រ្ដីផ្អែកលើការស្ម័គ្រចិត្ត។ ក្រសួងការពារជាតិ ប្រកាសទទួលពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា ថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ពេលព្រឹក ចាប់ពីម៉ោង ៧៖៣០នាទី ដល់ថ្ងៃម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទី នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ គ្រប់រាជធានី ខេត្ត។ ឯកសារដែលយុវជន ត្រូវភ្ជាប់ទៅជាមួយនៅពេលដាក់ពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា រួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងសំបុត្របញ្ជាក់កំណើត៕ អត្ថបទ៖ លៀ ស៊ីណា



