បាត់ដំបង៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងថា រយៈពេល២ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៦ម៉ឺននាក់បានអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋាននានានៅនៅខេត្តបាត់ដំបង។

លោក ហម អរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាថ្ងៃបង្ហើយត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ ខណៈគោលដៅ និងរមណីយដ្ឋាននានាបានត្រៀមលក្ខណៈជានិច្ចសម្រាប់ទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី ជាពិសេសនៅក្នុងរដូវកាលបៃតងនេះទេសភាពមានភាពស្រស់ត្រកាលគួរជាទីគយគន់។
លោក ហម អរុណ សង្កត់ធ្ងន់ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើការជួសជុលផ្លូវដែលលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត។
លោក ហម អរុណ គូសបញ្ជាក់ថា នៅតាមដងផ្លូវទៅកាន់គោលដៅទេសចរណ៍ និងនៅតាមរមណីយដ្ឋានទេសចរណ៍នានាមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតនោះទេ ហើយអាកាសធាតុមេឃបើកថ្ងៃស្រឡះល្អពិតជាអំណោយផលមែនទែនដល់ការទស្សនាកម្សាន្ត។
ជាមួយគ្នានោះ លោក ហម អរុណ ណែនាំដល់ម្ចាស់រមណីយដ្ឋានគោលដៅទេសចរណ៍ទាំងអស់ត្រូវរៀបចំអនាម័យបរិស្ថានឱ្យបានល្អ,គិតគូរអំពីចំណត,ការសម្អាតថែរក្សាបន្ទប់ទឹកសម្រាប់ការទទួលភ្ញៀវ និងការផ្តល់នូវសេវាកម្មប្រកបដោយបដិសណ្ឋារកិច្ចជូនភ្ញៀវឱ្យមានភាពកក់ក្ដៅ។
សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕ អត្ថបទ៖ នឿត សុភ័ក្ត្រ









