ត្បូងឃ្មុំ៖ ឯកឧត្ដម វង សូត ថ្លែងថា បច្ចុប្បន្ននេះ មេីលឃេីញយ៉ាងច្បាស់ នូវការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មកដល់សព្វមានភាពសុខសាន្តពេញផ្ទៃប្រទេស។
ការថ្លែងបែបនេះក្នុងពេលដែរ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសាលាបាលី និងសមិទ្ធផលនានាក្នុងវត្តសុវណ្ណរាម ហៅវត្តក្រែក ស្ថិតក្នុងភូមិក្រែកត្បូងឃ្មុំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។
ឯកឧត្ដម បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុលពត វិលត្រឡប់មកវិញ និងបានផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងស្តារអភិវឌ្ឍន៍សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។
ជាក់ស្ដែង សាលាបាលី ដែលត្រូវសម្ភោធដាក់ឲ្យប្រេីប្រាស់នៅពេលនេះ អស់ជិត៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ថែមទាំង វិស័យពុទ្ធិចក្រមានសមិទ្ធផលនានាដែលកំពុងរីកចម្រើន ទាំងអស់នេះគឺកេីតចេញពីកត្តាសន្តិភាព។
ឯកឧត្ដម វង សូត ជម្រុញដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមការពារ និងថែរទាំសុខភាព តាមគ្រួសារឲ្យល្អ ហេីយកុំភ្លេចទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ប្រសិនបេីបងប្អូនបានចាក់ដូសទី១ ដូសទី២រួច ត្រូវទៅបន្តចាក់ដូសជំរុញបន្តទៀត ដេីម្បីទប់ស្កាត់ បង្ការការពារជម្ងឺដ៍កាចសាហាវនេះ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕



